ម៉ិកស៉ិក បញ្ជូនទាហានទៅកាន់ព្រំដែនជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ ពន្យារពេលដាក់ពន្ធ

Posted By: RoogRog Robot | 05-Feb-2025 17:27:34

2025-02-05 04:25pm

(ម៉ិកស៉ីកូ)៖ ម៉ិកស៉ិកបានចាប់ផ្តើមបញ្ជូនទាហាន ទៅកាន់ព្រំដែនភាគខាងជើង ជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំង ១០ ០០០នាក់ ដែលលោកស្រីប្រធានាធិបតី Claudia Sheinbaum បានសន្យាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីជាថ្នូរនឹងការពន្យារពេលដាក់ពន្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

មួយថ្ងៃក្រោយព្រមព្រៀងជាមួយ លោក ត្រាំ ចាត់វិធានការប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធសារធាតុញៀន fentanyl ឆ្លងព្រំដែន លោកស្រី Sheinbaum គូសបញ្ជាក់ថា <<ការដាក់ពង្រាយបានចាប់ផ្តើមហើយ>>។

សមាជិករាប់រយនាក់នៃឆ្មាំជាតិ បានឡើងជិះយន្តហោះយោធា នៅទីក្រុង Merida ភាគអាគ្នេយ៍ ឆ្ពោះទៅព្រំដែនម៉ិកស៉ិក-អាមេរិក។ ពួកគេបានទៅដល់ទីក្រុង Tijuana ភាគខាងត្បូងរដ្ឋ California និងទីក្រុង Ciudad Juarez ជាប់ព្រំដែនរដ្ឋ Texas។ តាមលោក Jose Luis Santos អ្នកសម្របសម្រួលឆ្មាំជាតិក្រុង Ciudad Juarez <<នឹងមានការល្បាត តាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៉ិកទាំងមូលតែម្តង>>។

គួរបញ្ជាក់ថា ម៉ិកស៉ិក បានសន្យាម្តងហើយម្តងទៀត តាំងពីជំនាន់លោក ចូ បៃដិន នៅកាន់តំណែង ថានឹងដោះស្រាយ លំហូរខុសច្បាប់នៃគ្រឿងញៀន និងជនអន្តោប្រវេសន៍ ខណៈដែលរដ្ឋជាប់ព្រំដែនរបស់ខ្លួន មានបញ្ហាសន្តិសុខធ្ងន់ធ្ងររួចហើយ ទោះជាមានទាហានរាប់ពាន់នាក់ ឈរជើងក៏ដោយ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...