(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងសហការគ្នាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើសកម្មភាព (Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងធនាគារ ARDB បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានថ្លែងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ARDB នឹងសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងបរិស្ថាន ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងនិរន្តរភាពបរិស្ថាន និងភាពធន់របស់វិស័យកសិកម្ម។
លោកបន្តថា <<ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារ ARDB នឹងផ្តល់ជាផលវិជ្ជមាន ស្របតាមឆន្ទៈ និងចក្ខុវិស័យរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាស្របតាមតួនាទី ភារកិច្ចរបស់ស្ថាប័នទាំងពីរ ដែលជាផ្នែកមួយជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ ដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ព្រមទាំងធានានូវជីវភាពរស់នៅ ប្រកបដោយសុខុមាលភាព សម្រាប់ប្រជាជនជំនាន់ក្រោយ>>។
បណ្ឌិត កៅ ថាច បានលើកឡើងផងដែរថា ធនាគារ ARDB ជាធនាគាររដ្ឋបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ ដែលមកទល់បច្ចុប្បន្ននេះមានរយៈពេល ២៦ឆ្នាំ និងមានបេសកកម្មចម្បង ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ធនាគារ ARDB ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រ ដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម,កសិ-ឧស្សាហកម្ម និងហិរញ្ញប្បទានបៃតង។ ដើម្បីសម្រេចចក្ខុវិស័យនេះ ធនាគារបានរៀបចំផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការអាជីវកម្ម៣ឆ្នាំរំកិល សំដៅក្លាយជាគ្រឹះស្ថានឈានមុខគេ ក្នុងការផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយនិរន្តរភាព។
លោកបន្ថែមថា ធនាគារ ARDB ក៏បានផ្តល់សេវាផ្សេងទៀត ជូនអតិថិជនគោលដៅ ដោយអនុលោមតាមគោលការណ៍អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម និងបរិស្ថាន។ ក្នុងបរិបទនេះ ធនាគារចាំបាច់មានកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក្រសួងបរិស្ថានជាក្រសួងដែលដើរតួនាទីយ៉ាងសំខាន់ លើកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើកិច្ចគាំពារបរិស្ថាននៅកម្ពុជា និងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ដែលមានចក្ខុវិស័យបៃតង ធ្វើឱ្យមានសមភាព តុល្យភាព និងវឌ្ឍនភាព រវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីសម្រេចបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺទាមទាឱ្យមានការចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។
លោកគូសបញ្ជាក់ផងដែរ អំពីកាលានុវត្តភាពជាច្រើនសម្រាប់ វិស័យឯកជន ក្នុងការចាប់យកការវិនិយោគបៃតង កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងទទួលបានឥណទានកាបូន ដែលអាចជួយកាត់បន្ថយថ្លៃដើមនៃការវិនិយោគ។ ឧទាហរណ៍ដូចជា គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីដំណាំស្រូវ គម្រោងចាប់យកឧស្ម័នមេតានពីកសិដ្ឋាន ចិញ្ចឹមជ្រូក ឬរោងចក្រផលិតម្សៅមី រោងចក្រផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ។ ទាំងអស់នេះ សុទ្ធតែឱកាសសម្រាប់វិស័យឯកជន ទាញយកឥណទានការបូន។
លោកបន្ថែមថា ពិតមែនហើយ ការវិនិយោគទាំងនេះ ត្រូវការបច្ចេកទេសរៀបចំឯកសារ ការសិក្សា និងទុនបន្ថែមដែលអាចមានផលលំបាក សម្រាប់វិស័យឯកជននៅពេលដែលមានទុនបម្រុងតិចតួច សម្រាប់ប្រើប្រាស់លើការងារអាទិភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត លើកឡើងបន្តថា <<ខ្ញុំសង្ឃឹមថា តាមរយៈគម្រោង Cambodian Climate Financing Facility ដែលផ្តល់មូលនិធិពីមូលនិធិអាកាសធាតុបៃតង (GCF) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ នឹងជួយដល់ វិនិយោគគិនរបស់យើង ក្នុងការជំនះបានលើកង្វះហិរញ្ញវត្ថុ សម្រាប់ការវិនិយោគបៃតង។ ក្រសួងបរិស្ថាន ក្នុងនាមជាស្ថាប័នជាតិនៃមូលនិធិ អាកាសធាតុបៃតង (NDA) សូមគាំទ្រលើគម្រោង Cambodian Climate Financing Facility និងត្រៀមខ្លួនជាស្រេចផ្តល់កិច្ចសហការ ជាមួយ ARDB និងភាគីពាក់ព័ន្ធ ដើម្បីធានាបានជោគជ័យការអភិវឌ្ឍ បៃតងនៅកម្ពុជា>>៕