ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១១គ្រួសារ នៅស្រុកព្រៃកប្បាស ខេត្ដតាកែវ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

Posted By: RoogRog Robot | 05-Feb-2025 18:56:42

2025-02-05 05:49pm

(តាកែវ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្ដល់អំណោយមនុស្សធម៌សម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១១គ្រួសារ ដែលរស់នៅក្នុងខេត្ដតាកែវ។

ពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះខាងលើនេះ បានធ្វើឡើងក្រោមវត្ដមានលោក ម៉ឹង វុធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា, លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា, និងមន្រ្តីក្រុមការងារកាកបាទក្រហមស្រុកព្រៃកប្បាសជាច្រើនរូបទៀតផងដែរ។

លោក ម៉ឹង វុធី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់និងអនុញ្ញាតពីលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោក និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកប្រគល់ជូនគ្រួសារប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា គ្មានទីពឹងចំនួន ៩គ្រួសារ លង់ទឹកស្លាប់ ១គ្រួសារ និងស្លាប់ដោយជំងឺប្រចាំកាយ១គ្រួសារ សរុប ១១គ្រួសារ នៅក្នុងឃុំចំនួន៣ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងឱកាសនោះលោកអនុប្រធានអចិន្រ្ដៃយ៍ បាននាំយកនូវមតិផ្ដាំផ្ញើសួរសុខទុក្ខពីលោក វ៉ី សំណាង ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក <<ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា>>។

លើសពីនោះលោកបានអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន និងបានលើកអំពីភូមិឃុំសុវត្ថិភាព ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពជាចម្បង ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ការប្រុងប្រយ័ត្នអំពីអគ្គិភ័យដែលអាចកើតមានដោយយថាហេតុ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកូនចៅពីជំងឺគ្រុនឈាម។ជាងនេះទៅទៀត ចូលរួមដាំដើមឈើតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំងនេះ និងបានផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុផងដែរ។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានចែកជូនគ្រួសារទីទ័លក្រ ចាស់ជរា មានដូចជា៖ អង្ករ ២៥គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួន។សម្រាប់គ្រួសាររងគ្រោះដោយសារលង់ទឹក និងមានជំងឺប្រចាំកាយ ទទួលបាន អង្ករ ២៥គីឡូ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយចំនួនផងដែរ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...