ក្រសួងកសិកម្ម និងអង្គការ UNIDO រៀបចំពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture និងបង្ហាញពី «ភោជនាហារធ្វើពីត្រីខ្មែរ»

Posted By: RoogRog Robot | 05-Feb-2025 20:59:17

2025-02-05 08:57pm

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំ ពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture៖ ភោជនាហារធ្វើពីត្រីខ្មែរ នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្រោមប្រធានបទ <<បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍>> ក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែប ក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព។ពិធីបង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ បានឆ្លុះបញ្ចាំងអំពីតម្លៃមិនអាចកាត់ថ្លៃបាន នៃការផ្សារភ្ជាប់គ្នារវាងធនធានជលផល និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និងបានបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តីនិងយុវវ័យ។

កម្មវិធីនេះបានផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋាន សហគ្រាសកែច្នៃជលផល តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបពិភាក្សានិងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយអំពីការចម្អិនមុខម្ហូបផ្សេងៗពីត្រីឱ្យបានទូលំទូលាយ និងជំរុញឲ្យកាន់តែមានតម្រូវការបរិភោគផលិតផលជលផលប្រកបដោយនិរន្តរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនក្នុងពេលបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗជាបន្តទៀត។

វិស័យជលផល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ ៧៦% ទទួលបានមកពីត្រី បន្ថែមលើការបង្កើតការងារប្រមាណជា ២ លាននៅទូទាំងប្រទេស។ គ្រួសារខ្មែរទូទៅ នៅតែបន្តពេញនិយមទទួលទានមុខម្ហូបបែបប្រពៃណីខ្មែរដូចជា ប្រហុកខ្ទិះ ត្រីងៀត ផ្អក និងត្រីឆ្អើរជាដើម។ ប៉ុន្តែដោយមើលឃើញពីនិន្នាការសកល បានកំពុងជះឥទ្ធិពលមកលើទម្លាប់នៃការបរិភោគ និងចំណង់ចំណូលចិត្តរបស់យុវវ័យនាពេលបច្ចុប្បន្ន ឲ្យងាកមកទទួលទានមុខម្ហូបបែបបរទេស។

កម្មវិធីរបស់យើងបានអញ្ជើញចុងភៅមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ដើម្បីចម្អិនម្ហូបប្រកបដោយភាពច្នៃប្រឌិត នូវមុខម្ហូបបែបសម័យមផ្សេងៗដូចជា ស៊ូស៊ី និងសាស៊ីមីធ្វើពីត្រីខ្មែរជាដើម ក្នុងគោលដៅបង្ហាញពីភាពសម្បូរបែប នៃផលិតផលជលផលកម្ពុជា និងសារៈសំខាន់នៃការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។

លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានមានប្រសាសន៍ថា៖ កិច្ចសហការរបស់យើងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងភាគីពាក់ព័ន្ធ មានសារៈសំខាន់ណាស់សម្រាប់បណ្តុះគំនិតច្នៃប្រឌិត ដើម្បីឲ្យធានាមានភាពរស់រវើកនិងភាពប្រកួតប្រជែងរបស់វិស័យជលផល។ លោក បានបន្តថាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ពិតជានឹងរួមចំណែកជំរុញឲ្យមានការផ្លាស់ប្តូរនិងធានានូវអនាគតដ៏ស្រស់ផូរផង់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

លោក ឃួន អេវីរ៉ាត លេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យជលផលរបស់កម្ពុជាប្រកបដោយចីរភាព តាមរយៈការជួយឱ្យសហគមន៍មូលដ្ឋានរីកចម្រើន និងការពារធនធានធម្មជាតិក្នុងពេលដំណាលគ្នា។ លោក ក៏បានបញ្ជាក់ថា ការលើកស្ទួយមុខម្ហូបធ្វើពីត្រីខ្មែរ មិនត្រឹមតែបង្កើតវប្បធម៌នៃការទទួលបានអាហារមានសុវត្ថិភាពដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកជំរុញផ្នែកទេសចរណ៍និងពន្លឿនកំណើនសេដ្ឋកិច្ចផងដែរ។

នាឱកាសនោះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានគូសបញ្ជាក់ថា៖ <<ធនធានជលផលនៅកម្ពុជា មានច្រើនសម្បូរបែបតាំងពីបុរាណកាលមកទល់បច្ចុប្បន្ន ដូចមានបង្ហាញតាមរយៈចម្លាក់មច្ឆជាតិ នៅលើថែវនៃប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន។ ភាពសម្បូរបែបនេះ ក្រៅពីជួយឱ្យប្រជាជនមានហូប មានន័យថាមានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្រសួងក៏បានគិតគូរដល់ការជំរុញជីវភាពប្រជានេសាទ និងវារីវប្បករឱ្យមានបានថែមទៀត ដោយសហការជាមួយអង្គការដៃគូ ក្នុងការគាំទ្រនិងលើកទឹកចិត្តឱ្យប្រជានេសាទ និងវារីវប្បករ ចេះប្រើប្រាស់ធនធានជលផលដើម្បីបង្កើនតម្លៃបន្ថែមខ្ពស់ តាមរយៈការកែច្នៃជាម្ហូបប្រណិត ឈ្ងុយឆ្ងាញ់ និងសម្បូរជីវជាតិល្អសម្រាប់សុខភាព>>។

យ៉ាងណាមិញ តាមរយៈលោករដ្ឋមន្ត្រី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែរក្សាជំហរ និងការប្តេជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានវិបុលភាព និងនិរន្តរភាពរបស់វិស័យជលផលកម្ពុជា ហើយក្រសួងស្វាគមន៍រាល់គំនិតផ្តួចផ្តើមថ្មីៗដែលគាំទ្រដល់វិស័យដ៏សំខាន់នេះ បន្ថែមលើវឌ្ឍនភាពដែលយើងទទួលបានមកទល់ពេលនេះតាមរយៈភាពជាដៃគូ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...