ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង

Posted By: RoogRog Robot | 05-Feb-2025 22:45:11

2025-02-05 10:38pm

(កំពង់ធំ)៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បាក់ដាវ​ ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិ ភាគទី៤ និងការឯកភាពពីលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជល​ផលសង្កាត់ពាមបាង​ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តកំពង់​ធំ​ ដំណើរការបង្ក្រាបបទល្មើសនេសាទ ដែលកំពុងមានការកើតឡើងនៅក្នុងតំបន់បាក់ដាវ​ ក្នុង​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ ជាប់​ព្រំ​ប្រទល់​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅ​ក្នុងឱកាសនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានកំទេចរបាំងស្បៃអួនខុសច្បាប់ចំនួន​ ៣​ ខ្សែ​ ដែលមានប្រវែងសរុបប្រមាណជិត ១៥០០ម៉ែត្រ កំទេចឡុកចំនួន ៣​ឡុក និង​ប្រលែង​ត្រីមួយចំនួន​។

លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ។

ជាមួយនោះដែរ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានស្នើសុំសហការ និងអំពាវនាវដល់អាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកមេខ្លោង ដែលប្រើប្រាស់មធ្យោបាយ និងឧបករណ៍ខុសច្បាប់ ដែលមានលក្ខណៈជាទ្រង់ទ្រាយធំ និង​អ្នក​ពាក់​ព័ន្ធ​ដែលបានឃុបឃិតបំផ្លាញធនធានធម្មជាតិនាពេលកន្លងទៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...