វិភាគអន្តរជាតិ៖ តើលោក ត្រាំ ពិតជាចង់ឱ្យសហរដ្ឋអាមេរិក គ្រប់គ្រងតំបន់ហ្កាហ្សា ឬ?

Posted By: RoogRog Robot | 05-Feb-2025 21:38:05

2025-02-05 09:33pm

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៤ ខែកុម្ភៈ បាននិយាយថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា នៅបន្ទាប់ពីប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀស ឬផ្ទេរចេញទៅកាន់បណ្ដាប្រទេស ក្បែរខាង។ លោក ដូណាល់ ត្រាំ បានបង្ហើបពីផែនការដ៏ភ្ញាក់ផ្អើលនេះទាំងដែលមិនបានបញ្ជាក់អ្វីលម្អិត នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលបានបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក។ ការប្រកាសរបស់លោក ត្រាំនេះដែរ កើតមានឡើងបន្ទាប់ពីលោកបានស្នើឱ្យមានការផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ ទៅកាន់បណ្ដាប្រទេស ក្បែរខាង។ លោក ត្រាំ បានគូសបញ្ជាក់ ដូច្នេះថា <<សហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា...យើងនឹងគ្រប់គ្រង ហើយទទួលខុសត្រូវលើការបោសសម្អាតកម្ទេចគ្រាប់បែកមិនទាន់ផ្ទុះទាំងអស់ និងអាវុធដទៃទៀត>>។

កាលពីពេលថ្មីៗនេះ លោក ត្រាំ ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតបោសសម្អាតតំបន់ហ្កាហ្សា តាមរយៈការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់នេះ ទៅកាន់ប្រទេសក្បែរ ខាងដូចជាហ្ស៊កដានី និងអេហ្ស៊ីប ជាដើម។ ប៉ុន្តែ ប្រទេសអារ៉ាប់ក្នុងនោះរួមមានទាំងអេហ្ស៉ីប និងហ្ស៊កដានីបានប្រឆាំងជំទាស់នឹងផែនការរបស់លោក ត្រាំ។ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មី កាលពីថ្ងៃទី២០ ខែមករាមក លោក ត្រាំ បានលើកឡើងពី ផែនការជាច្រើន ដែលមនុស្សភាគច្រើនគិតថាមានរឿងខ្លះសឹងតែមិនអាចទៅរួច។ ដំបូងឡើយ លោកបាននិយាយពីការទិញយកដែនដី Greenland ធ្វើឱ្យកាណាដាក្លាយជារដ្ឋទី៥១របស់អាមេរិក គ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ ហើយដូរឈ្មោះឈូងសមុទ្រម៉ិកស៉ិកទៅជាឈូងសមុទ្រអាមេរិក។ ឥលូវនេះ លោក ត្រាំ នៅតែបន្តបង្កភាពភ្ញាក់ផ្អើលដោយលោកនិយាយថាសហរដ្ឋអាមេរិកចង់គ្រប់គ្រងលើតំបន់ ហ្កាហ្សា និងជម្លៀសប្រជាជនប៉ាឡេស្ទីនជាអចិន្ត្រៃយ៍ ចេញពីហា្កហ្សា។ អ្វីដែលលោក ត្រាំ បានលើកឡើងគឺជាកិច្ចការមួយដែលគ្មានប្រធានាធិបតីអាមេរិករូបណាហ៊ានធ្វើនោះទេ។

មិនថាលោក ត្រាំ អាចតែងតាំងអាជ្ញាធរណាមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងដោយឯកតោភាគីលើដែនដីរបស់អ្នកដទៃ ឬក៏មិនថាការបង្ខំឱ្យប្រជាជនចាកចេញពីទីកន្លែងកំណើតរបស់ពួកគេ គឺសុទ្ធតែជាទង្វើ រំលោភបំពានច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត ការផ្ទេរ ឬជម្លៀសប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ចេញពីតំបន់ហ្កាហ្សា ជាកិច្ចការមួយដ៏ពិបាកទាំងផ្នែកហិរញ្ញវត្ថុ ឡូស៊ីស្ទីគ និងតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវដាក់ពង្រាយ កងទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ហ្កាហ្សា ដែលការធ្វើបែបនេះអាចនឹងធ្វើឱ្យជម្លោះផ្ទុះរាលដាលកាន់តែធំក៏ថាបាន ហើយនេះមិនទាន់រាប់បញ្ចូលបញ្ហានយោបាយផង។ លោក ត្រាំ បានអះអាងថាលោកមានភាពប្រាកដប្រជា ចំពោះអ្វីដែលលោកបានលើកឡើង បើទោះជាអ្នកផ្សេងនាំគ្នាចោទសួរថាវាអាចទៅរួចដែរឬ ក៏យ៉ាងណា? <<ការកត់សម្គាល់ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងការដាក់ពង្រាយកងទ័ពអាមេរិក វាមិនត្រឹមតែជារឿងហួសហេតុទេ តែវាគឺនៅឆ្ងាយពីការពិតតែម្ដង>>។ នេះជាការគូសបញ្ជាក់របស់លោកស្រី Halie Soifer ជានាយកប្រតិបត្តិនៃអង្គការ Jewish Democratic Council Of America។

យល់ឃើញស្រដៀងគ្នានេះដែរ លោក Khaled Elgindy ជាអ្នកជំនាញម្នាក់ខាងកិច្ចការអ៉ីស្រាអែល-ប៉ាឡេស្ទីន មកពីវិទ្យាស្ថានមជ្ឈិមបូព៌ា (Middle East Institute) បាននិយាយថា ការអត្ថាធិប្បាយរបស់លោក ត្រាំ ជារឿង ចម្លែក និងមិនសមទំនង ហើយវាបង្កឱ្យមានសំណួរច្រើនជាងចម្លើយ។ លោក Elgindy បន្តចោទសួរថា <<តើលោក ត្រាំកំពុងនិយាយលក្ខខណ្ឌភូមិសាស្ត្រនយោបាយ ឬក៏លោកគ្រាន់តែមើលឃើញថាហ្កាហ្សាជាតំបន់មួយស្ថិត ក្រោមគម្រោងអភិវឌ្ឍ? តើនរណាជាអ្នកចំណេញ? ច្បាស់ណាស់ គឺមិនមែនជាប្រជាជនប៉ាឡេស្ទីន ដែលអាចនឹងត្រូវបានគេបណ្ដេញចេញទ្រង់ទ្រាយធំនោះទេ? តើសហរដ្ឋអាមេរិកនឹងក្លាយជាអ្នកគ្រប់គ្រងថ្មី នៅក្នុងតំបន់ ហ្កាហ្សា ជំនួសអ៉ីស្រាអែល ហើយថាតើការធ្វើបែបនេះ វាជាប្រយោជន៍របស់អាមេរិក ដែរឬទេ?

គេមិនច្បាស់នោះទេថាតើលោក Netanyahu បានរំពឹងទុកជាមុនចំពោះផែនការរបស់លោក ត្រាំ ឬយ៉ាងណានោះ ប៉ុន្តែលោកហាក់ដូចជាសប្បាយចិត្តនៅពេលលោក ត្រាំ និយាយពីការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពី តំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ ជាកិច្ចការមួយដែលអ៉ីស្រាអែលចង់ធ្វើ តែមិនហ៊ានធ្វើដោយខ្លួនឯង។ គំនិតចង់គ្រប់គ្រងតំបន់ហ្កាហ្សា វាប្រៀបបានដូចជាការរុញច្រានសហរដ្ឋអាមេរិកឱ្យគាបនៅចំកណ្ដាលនៃជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ដែលអតីតប្រធានាធិបតីអាមេរិក លោក Harry Truman ធ្លាប់បានព្យាយាមបញ្ចៀសកុំឱ្យកើតឡើង។ អាមេរិក បានផ្ដល់ការគាំទ្រដល់អ៉ីស្រាអែលជាយូរមកហើយទាំងអាវុធ និងការទូត។ កងទ័ពអាមេរិករាប់រយនាក់ ត្រូវបានដាក់ពង្រាយក្នុងនាមជាកងកម្លាំងរក្សាសន្តិភាពនៅក្នុងតំបន់ឧបទ្វីបស៊ីណៃ អស់ពេលច្រើនជាង ៤ទសវត្សរ៍ ហើយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិ​ន ក៏បានចេញបញ្ជា២លើកឱ្យកងទ័ពអាកាស និងជើងទឹករបស់ សហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ការពារអ៉ីស្រាអែល ពីការវាយប្រហារដោយមីស៊ីលពីអ៉ីរ៉ង់ កាលពីឆ្នាំមុនផងដែរ។ ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិកបានដកខ្លួនចេញឆ្ងាយពីគំនិតដាក់ពង្រាយកងទ័ពអាមេរិកទ្រង់ទ្រាយធំឱ្យឈរជើងនៅ អ៉ីស្រាអែល ឬក៏ដែនដីប៉ាឡេស្ទីន ពីព្រោះវាអាចនឹងត្រូវបានគេសន្មត់ថាជាសកម្មភាពចង់គ្រង់គ្រងលើតំបន់ហ្កាហ្សា។ ជាក់ស្ដែង កាលពីឆ្នាំ២០២៤ នៅពេលយោធាអាមេរិកកសាងផែបណ្ដែតទឹកបណ្ដោះអាសន្នដើម្បីដឹកជញ្ជូន ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា រដ្ឋបាលលោក ចូ បៃដិន មិនបានអនុញ្ញាតឱ្យកងទ័ពអាមេរិកឡើងទៅលើដីគោកនោះទេ។

លោក Aaron David Miller ជាអតីតអ្នកចរចាសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ា និងជាអ្នកជំនាញម្នាក់ពីវិទ្យាស្ថាន Carnegie Endowment for International Peace មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាសំណើ គ្រប់គ្រងតំបន់ហ្កាហ្សារបស់លោក ត្រាំ គឺដើរផ្ទុយទាំងស្រុងពីនយោបាយរបស់លោកផ្ទាល់ដែលចង់ដកសហរដ្ឋអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា ហើយវាអាចនឹងបំផ្លាញដល់ក្ដីសុបិនរបស់លោកដែលចង់ធ្វើជាអ្នកស្វែងរកសន្តិភាពឱ្យ អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ មិនតែប៉ុណ្ណោះទៅថ្ងៃមុខ វាក៏អាចផ្ដល់ឱ្យរុស្ស៉ី និងចិន នូវហេតុផលដើម្បីប្រើគ្រប់មធ្យោបាយដណ្ដើមគ្រប់គ្រងទឹកដីដែលពួកគេចង់បានផងដែរ។

យ៉ាងណាក៏ដោយ តាមអ្នកជំនាញរូបនេះ គំនិតចង់គ្រប់គ្រងតំបន់ហ្កាហ្សាគ្រាន់តែជាការពិព៌ណនាពីផែនការមួយរបស់លោក ត្រាំ តែប៉ុណ្ណោះ ហើយវាក៏អាចជាការបង្វែរចំណាប់អារម្មណ៍ពីប្រធានបទផ្សេងទៀតនៃជំនួបរវាងលោក ត្រាំ និងលោក Netanyahu ដែលមិនបានរងសម្ពាធអ្វីទាល់តែសោះ ជុំវិញសំណើអូសបន្លាយបទឈប់បាញ់ហ្កាហ្សាដែលបានចូលជាធរមានកាលពីខែមករា។ ឬក៏អាចជាការបង្វែរចំណាប់អារម្មណ៍ចេញពីប្រតិបត្តិការរុះរើផ្ទៃក្នុង នៃរដ្ឋាភិបាលអាមេរិកដែលកំពុងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក Elon Musk៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...