(មីយ៉ាន់ម៉ា)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានព្រះបរមរាជានុញ្ញាតឱ្យលោក Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋ , ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលក្រាបបង្គំគាល់ សម្តែងក្តីគោរពប្រណិបត្តិ និងបានថ្វាយព្រះពុទ្ធរូបថ្មស និងទេយ្យទានជាច្រើនទៀតសំរាប់ថ្វាយសម្តេចជាអម្ចាស់នាឱកាសសម្តេចទ្រង់សម្តេចយាងដឹកនាំគណៈប្រតិភូកម្ពុជា អមព្រះរាជដំណើរដោយឥស្សរជនជាន់ខ្ពស់នៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា បំពេញព្រះរាជទស្សនកិច្ចព្រះពុទ្ធសាសនាទៅកាន់ពុទ្ធដ្ឋានគោរពបូជានៅក្នុងទីក្រុងយ៉ងហ្គូន ទីក្រុងណៃពិដោរ និងទីក្រុងបាហ្កាន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
នាក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីបានមានព្រះរាជឱវាទថា៖ កាអប់រំតាមមាគ៌ាព្រះពុទ្ធសាសនាក្នុងគោលបំណងលើកតម្កើង និងផ្សព្វផ្សាយនូវភាពត្រចះត្រចង់នៃព្រះពុទ្ធសាសនា អប់រំពីការកសាងអំពើល្អ ប្រកាន់ខ្ជាប់នៅសិលសមាធិ ធម៌អប់រំចិត្ត កាយ និងវាចារ រស់នៅប្រកបដោយសេចក្តីមេត្តា សតិ និងបញ្ញារួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព ភាពសុខុដុមរមនា វឌ្ឍនភាព និងឧត្តមភាព។
សូមបញ្ជាក់ថា នៅថ្ងៃទី៣នៃព្រះរាជទស្សនកិច្ចនេះ លោក Min Aung Hlaing បានចូលក្រាបបង្គំគាល់ សម្តែងក្តីគោរពប្រណិបត្តិ និងបានថ្វាយព្រះពុទ្ធរូបថ្មស និងទេយ្យទានជាច្រើនទៀតសំរាប់ថ្វាយសម្តេចជាអម្ចាស់។
ទន្ទឹមនេះ លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ថ្លែងអំណរព្រះរាជគុណ ជាមហាកិត្តិយសដ៏ឧត្តុងឧត្តមបំផុត ដែលសម្តេចជាអម្ចាស់បានយាងមកបំពេញព្រះរាជទស្សនកិច្ច ដែលបានធ្វើឱ្យព្រះពុទ្ធសាសនានៅសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ាកាន់តែមានភាពត្រចះត្រចង់ ឧត្តុងឧត្តម និងរុងរឿងថែមទៀត។ លើសពីនេះ ឯកឧត្តម បានសម្តែងការតាំងចិត្តខិតខំប្រឹងប្រែង លើកកម្ពស់ពុទ្ធិកសិក្សា សាងសង់នូវពុទ្ធដ្ឋានគោរពបូជា រួមមានវត្តព្រះពុទ្ធសាសនាអាស៊ាន និងកសាងវត្តព្រះពុទ្ធសាសនាសំរាប់កម្ពុជាក្នុងទីក្រុងណៃពិដោរ ថ្វាយសម្តេចជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបង្ហាញពីទឹកចិត្តមហាទិគុណ កតវេទិតា សញ្ចេតនាជ្រាលជ្រៅចំពោះព្រះរាជវត្តមានដ៏ឧត្តុងឧត្តមរបស់សម្តេចជាអម្ចាស់ ក្នុងនាមប្រទេសកាន់ព្រះពុទ្ធសាសនា សមាជិកអាស៊ាន និងទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រជាជាតិទាំងពីរ ក្នុងគោលបំណងផ្សព្វផ្សាយព្រះពុទ្ធសាសនា ឱ្យកាន់តែរីកសុះសាយ រុងរឿង ថ្កុំថ្កើងទូទាំងសាកលលោក។
បន្ទប់ពីនោះ សម្តេចជាអម្ចាស់បានមានព្រះរាជបន្ទូលប្រគេនពរជូនលោកបានសម្រេចនូវបេសកកម្មថែរក្សាការពារ លើកតម្កើង និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រកបដោយភាពជោគជ័យ និងសូមឱ្យបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយថែរក្សាសុខសន្តិភាព និងសូមឱ្យសុខសន្តិភាពនេះរីកសាយភាពគ្រប់ទិសទីទូទាំងពិភពលោក៕