អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បំភ្លឺពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួស ហើយយកលុយ១០លាន មកជូននគរបាលមូលដ្ឋានជាការបញ្ចប់រឿង

Posted By: RoogRog Robot | 05-Feb-2025 17:45:10

2025-02-05 05:42pm

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញការបំភ្លឺមួយថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្ត បានសង្កេតឃើញផេកឈ្មោះ <> បានចុះផ្សាយថា ជីវិតមនុស្សម្នាក់ និងរបួស២នាក់ យកលុយ១០លានមកសងសំខាន់មេប៉ុស្តិ៍ និងមេឃុំចូលដៃចូលជើងទៀត។

បន្ទាប់ពីឃើញការចុះផ្សាយខាងលើនេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតមូលដ្ឋានស្រុកស្ទោង ប្រកបដោយការយក ចិត្តទុកដាក់។

ដោយផ្អែកតាមការសាកសួរបំភ្លឺផ្ទាល់ពីលោក ចន វុទ្ធី ជាមេឃុំ និងការសាកសួរបំភ្លឺផ្ទាល់ពីលោក ព្រំ ឆេងទី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងស្តាប់ការបំភ្លឺរបស់ឈ្មោះ ឈន បាន ត្រូវជាដន្លងជាមួយឈ្មោះ រុន ម៉ូ ត្រូវជាឪពុកបង្កើតជនរងគ្រោះ និងប្រភពព័ត៌មានដែលទទួលបានពី អ្នកពាក់ព័ន្ធផ្សេងទៀត អ្នកនាំពាក្យសូមជម្រាបបញ្ជាក់ជូនថា៖

*ទី១៖ លោកមេឃុំ ចន វុទ្ធី និងលោកនាយប៉ុស្តិ៍ ព្រំ ឆេងទី ពិតជាត្រូវបានតំណាងភាគីម្ចាស់រថយន្តពឹងពាក់ឱ្យជូន ទៅជួបក្រុមគ្រួសារភាគីខាងរងគ្រោះនៅឯលំនៅដ្ឋានភូមិម្សាក្រងជើង ឃុំម្សាក្រង ពិតប្រាកដមែន។ ពេលលោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល ព្រមទាំងតំណាងភាគីម្ចាស់រថយន្ត ទៅដល់បានជួបគ្រួសារសាច់ញាតិឪពុកម្តាយបង្កើត និងប្រពន្ធជនរងគ្រោះសរុបប្រហែល១០នាក់។

*ទី២៖ ពេលជួបជុំគ្នាតំណាងភាគីម្ចាស់រថយន្តបានជម្រាបសួរទៅក្រុមគ្រួសារជនរងគ្រោះគោលបំណងចង់ដឹងអំពីការទាមទារសំណង និងសំណូមពររបស់ភាគីរងគ្រោះដោយភាគីខាងជនរងគ្រោះឆ្លើយថា ប្រគល់ភារកិច្ចឱ្យឈ្មោះ ជើង ចក់ នៅភ្នំពេញជាអ្នកដោះស្រាយ។

ដោយពុំបាននិយាយអំពីការទាមទារសំណងចំនួនទឹកប្រាក់ប៉ុន្មាននោះឡើយ។ ក្នុងពេលនោះនាយប៉ុស្តិ៍នគរបាល បានជូនជាយោបល់ទៅភាគីទាំងសងខាងថា ករណីរឿងគ្រោះ ថ្នាក់ចរាចរណ៍កើតឡើងមានបណ្ដឹង ពីរគឺ បណ្តឹងរដ្ឋប្បវេណី និងបណ្តឹងអាជ្ញា បងប្អូនមានសិទ្ធិដាក់ពាក្យបណ្តឹងទាមទារសំណង ជាឧទាហរណ៍ជាទឹកប្រាក់១០លានរៀលក្តី ឬ២០លានរៀលក្តី អាស្រ័យលើបងប្អូនជាអ្នកដាក់ពាក្យបណ្តឹងទាមទារ។

ជាក់ស្តែងទោះបីភាគីទាំងសងខាងត្រូវរ៉ូវគ្នាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញមិនអាចធ្វើការសម្របសម្រួលបញ្ចប់ក្រៅ ប្រព័ន្ធតុលាការបានឡើយ។ ក្នុងករណីខាងលើនេះនាយប៉ុស្តិ៍នគរបាល និងលោកមេឃុំពុំបានប្រើ អំណាចបង្ខិតបង្ខំ ឱ្យភាគីរងគ្រោះទទួលយកប្រាក់ចំនួន១០លានរៀល ដូចការចុះផ្សាយដោយគ្មានប្រភពព័ត៌មានភស្តុតាងច្បាស់លាស់ និងសូមធ្វើការបដិសេធចំពោះការចុះផ្សាយខាងលើ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក នាយប៉ុស្តិ៍និងលោកមេឃុំយ៉ាងខ្លាំង និងស្នើសុំឱ្យម្ចាស់ផេកឈ្មោះ Jing Jork Talk Showចុះផ្សាយកែតម្រូវឡើងវិញ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...