(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាផ្តល់ជំនួយឥតសំណងចំនួន ១,៣០២,៥៣៩ដុល្លារអាមេរិក ដល់អង្គការមនុស្សធម៌ និងបោសសម្អាតមីន ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន នៅស្ថានទូតជប៉ុន។
ថវិកាជាង ១,៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងដូចខាងក្រោម៖
ទី១៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB (ថវិកាចំនួន ៦៥៤,៤០២ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពក់ចាត់មិនជប៉ុន (JMAS)។ នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១០០ហិកតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ទៅដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គម្រោងនេះនឹងផ្តល់ការអប់រំអំពីការការបញ្ចៀសពីហានិភ័យនៃគ្រាប់មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមិនរួចរាល់។
ទី២៖ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៤៨,១៣៧ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពកំចាត់មិនជប៉ុន (JMAS)។ នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន២៤០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះគម្រោងនេះនឹងផ្តល់ការអប់រំ អំពីការការបញ្ចៀសពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។
នាឱកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា <<អ៊ុនរ៉េន>> បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះស្ថានទូតជប៉ុន បានផ្តល់ជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារូបនេះ សូមជម្រាបជូនដោយសង្ខេបអំពីគម្រោងចំនួន២ ដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ៖ <<រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកា ប្រមាណ ៦៥០,០០០ដុល្លារអាមេរិក សម្រាប់គម្រោងចំនួន២ ឬជាសរុបប្រមាណ ១,៣០០,០០០ដុល្លារអាមេរិក ដែល អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងអនុវត្តក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង។ ចាប់តាំងពីឆ្នាំ២០០២មក អង្គការ JMAS បានចូលរួមក្នុងសកម្មភាពគាំទ្រការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ ជាថ្មីម្តងទៀតខ្ញុំសូមសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះការងារដ៏សំខាន់ៗដែលអង្គការសម្រេចបាន>>។
សម្រាប់គម្រោងទាំងពីរនេះ បន្ថែមលើការបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុង ខេត្តបន្ទាយមានជ័យ និងគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង អង្គការ JMAS នឹងបន្តផ្តល់ការអប់រំអំពីការជៀសវាងពីគ្រោះថ្នាក់ និងផ្តល់ជំនួយផ្នែកកសិកម្ម។ យើងសង្ឃឹមថាគម្រោងទាំងពីរដែលបានចុះហត្ថលេខានៅថ្ងៃនេះនឹងកាត់បន្ថយការរងទុក្ខរបស់មនុស្សដែលបណ្តាលមកពីគ្រាប់មីននិងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះធ្វើឱ្យការរស់នៅរបស់ប្រជាជនក្នុងតំបន់រងគ្រោះមានសុខសន្តិភាពនិងភាពប្រសើរជាងមុន ព្រមទាំងរួមចំណែកក្នុងការសម្រេចបាននូវការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកសង្កេតឃើញថានាពេលថ្មីៗនេះប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណាលោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយ ចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរួមមានការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដូចជា៖ សុខភាព ការអប់រំ និងបរិស្ថានផងដែរ។ រដ្ឋាភិបាលជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុន ក្នុងការដោះស្រាយបញ្ហានានា៕