អត្ថបទស៊ីជម្រៅ៖ «គឺ សម រង្ស៉ី ទេ ដែលជាបុគ្គលមើលងាយប្រវត្តិសាស្ត្រពិតរបស់ជាតិ!» (Video inside)

Posted By: RoogRog Robot | 05-Feb-2025 17:51:27

2025-02-05 05:44pm

(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី កំពុងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាលុបចោលប្រវត្តិសាស្ត្រខ្មែរ ចេញពីកម្មវិធីសិក្សាអប់រំ។ សម្តីចោទប្រកាន់នេះ គឺនៅទន្ទឹមនឹងបុគ្គលក្បត់ជាតិរូបនោះ ច្រណែននិន្ទា នឹងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលពន្លត់ភ្លើងសង្គ្រាមស៊ីវិល នាំមកនូវសន្តិភាពពិតប្រាកដ និងការឯកភាពទឹកដីជាតិទាំងស្រុងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាតិ៥០០ឆ្នាំកន្លងមកនេះ។

សហរដ្ឋអាមេរិក បានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមដល់លោក ចច វ៉ាស៊្ហីនតោន George Washington និងលោក អាប្រាហ៊ីម លីនខុន Abraham Lincoln ចំពោះភាពដ៏អស្ចារ្យនៃការដឹកនាំរបស់លោកទាំង២។ ប្រទេសចិនក៏បានកោតគោរពលោក តេង ស៊ាវពីង និងប្រទេសបារាំង ក៏បានចងចាំលោក ឆាល ដឺហ្គោល Charles de Gaulle ផងដែរ។ ហើយហេតុអ្វីបានជាកម្ពុជាមិនអាចផ្តល់កិត្តិយសដល់នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោសែន?Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា <<គឺ សម រង្ស៊ី ទេ ដែលជាបុគ្គលមើលងាយប្រវត្តិសាស្ត្រពិតរបស់ជាតិ>>!

ប្រវត្តិសាស្ត្រនៃជាតិសាសន៍នីមួយៗ តែងចារឹកទុក្ខនូវសក្ខីកម្មជាស្នាដៃនៃការតស៊ូ, ការលះបង់ និងជ័យជំនះ ដែលកំណត់ជោគវាសនារបស់ប្រទេសរៀងៗខ្លួន។ ប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម ការបំផ្លិចបំផ្លាញ និងការបែកបាក់គ្នាជាច្រើនទសវត្សរ៍ បានឆ្លងកាត់ការផ្លាស់ប្តូរដ៏វិសេសវិសាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះ ដោយសម្រេចបាននូវសមិទ្ធផលដ៏ធំធេងដែលគ្មានឥស្សរជនដឹកនាំណាមួយពីមុនមក អាចសម្រេចបានឡើយ នោះគឺការធ្វើឱ្យរលត់ទាំងស្រុងនូវសង្គ្រាមស៊ីវិល ការស្ដារឡើងវិញនូវសន្តិភាពពិតប្រាកដនិងយូរអង្វែង និងការបង្រួបបង្រួមទឹកដីជាតិ ដែលជាស្នាដៃមិនធ្លាប់មានពីមុនមកឡើយ ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រខ្មែរ។

ប៉ុន្តែ ខណៈពេលដែលមានការដាក់បញ្ចូលសមិទ្ធផលដ៏អស្ចារ្យទាំងនេះនៅក្នុងប្រវត្តិសាស្ត្រជាតិរបស់កម្ពុជាដែលជាប្រការចាំបាច់ និងការរក្សាភាពត្រឹមត្រូវរបស់ប្រវត្តិសាស្ត្រជាតិនោះ ស្រាប់តែមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី និងបក្ខពួក បានស្វះស្វែងរកការបង្ខូចកេរ្តិ៍ឈ្មោះ និងបំភ្លៃការពិតរបស់ប្រវត្តិសាស្ត្រ ដោយចោទប្រកាន់រាជរដ្ឋាភិបាលថា បានលុបប្រវត្តិសាស្ត្រនោះទៅវិញ។ តាមពិតទៅគឺ សម រង្ស៊ី នោះទេ ដែលកំពុងមើលងាយប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជានេះ ដោយសារតែភាពច្រណែន និងគំនុំបុគ្គល គ្រាដែលប្រវត្តិសាស្ត្រ នៃស្នាដៃបំបាត់សង្គ្រាមស៊ីវិល, ការនាំមកនូវសន្តិភាពពិតប្រាកដ និងការឯកភាពទឹកដីជាតិ ទាំងស្រុងនោះ គឺជាប្រវត្តិសាស្ត្រពិតៗ ដែលរំលេចនូវវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រំលេចនូវស្នាដៃប្រតិបត្តិករ និងការតស៊ូរបស់យុទ្ធជន យុទ្ធនារីខ្មែរ ដែលបានធ្វើពលិកម្មឈាមស្រស់ ដើម្បីនាំប្រទេសឱ្យមានសន្តិភាពដូចបច្ចុប្បន្ន។ សម រង្ស៊ី ត្រូវយល់ថា គ្មានប្រទេសណាលើសកលលោក ដែលធ្វើគ ធ្វើថ្លង់ ធ្វើជាមើលមិនឃើញនូវប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ជាតិ ដូចជាពួកជ្រុលនិយមខ្លួនឯង ដែលជាមនុស្សមួយក្តាប់តូចចូលចិត្តតែនិយាយអាក្រក់អំពីជាតិសាសន៍ខ្លួនឯងនោះឡើយ។

*នយោបាយឈ្នះឈ្នះ ឆ្លាក់ជាកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រកម្ពុជា

កម្ពុជាមិនដែលបំភ្លេចប្រវត្តិសាស្ត្រដើមរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអាចមើលរំលងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនាំកម្ពុជាឆ្លងផុតពីសង្គ្រាម និងឈានដល់ការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះឡើយ។ នយោបាយឈ្នះឈ្នះ មិនមែនគ្រាន់តែជាវិធីសាស្ត្របំបាក់នូវឧបាយកលសត្រូវប៉ុណ្ណោះទេ នយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់មួយ ដែលធ្វើឱ្យសង្គ្រាមឆាបឆេះរយៈពេលជិត៣០ឆ្នាំ បានរលត់, យុទ្ធជនទ័ពព្រៃខ្មែរក្រហម ត្រូវបានបញ្ចូលជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិ, ទឹកដីអបគមន៍ដែលធ្លាប់គ្រប់គ្រងដោយក្រុមខ្មែរតស៊ូផ្សេងៗ ត្រូវបានរំលាយជាទឹកដីក្រោមម្លប់នៃសន្តិភាពរបស់រាជរដ្ឋាភិបាលតែមួយ, រដ្ឋធម្មនុញ្ញតែមួយ និងព្រះមហាក្សត្រតែមួយអង្គ ដែលគង់ជាកំពូលមិនអាចនរណារំលោភបំពានបានឡើយ។

គឺនយោបាយឈ្នះឈ្នះ នេះហើយ ដែលបានប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមួយដែលធ្លាប់តែប្រើគ្រាប់កាំភ្លើងមកដោះស្រាយ ប្រែក្លាយជាប្រទេសដែលប្រើប្រាស់សន្លឹកឆ្នោតមកជំនួស ហើយអតីតតំបន់អសន្តិសុខនានាទាំងឡាយ ដែលធ្លាប់តែហែកហួរដោយសង្រ្គាមពេលនេះ បានប្រែក្លាយជាសហគមន៍ដែលរីកចម្រើនអស់ទៅហើយ។ តើហេតុអ្វីបានជា សម រង្ស៊ី ព្យាយាមរារាំងមិនចង់ឱ្យប្រវត្តិសាស្ត្រចារិកទុកនូវនយោបាយឈ្នះឈ្នះ ជាមួយនឹងស្នាដៃដ៏ពិសិដ្ឋទាំងនេះ?

*ហេតុអ្វីបានជាកម្ពុជាត្រូវកត់ត្រាស្នាដៃនៃនយោបាយឈ្នះឈ្នះ ចូលក្នុងប្រវត្តិសាស្ត្ររបស់ជាតិ?

សារៈសំខាន់ជាប្រវត្តិសាស្ត្រនៃគោលនយោបាយឈ្នះឈ្នះ មិនអាចមាននរណាម្នាក់នឹងលុបចោលបានទេ ពីព្រោះនយោបាយឈ្នះឈ្នះ បានផ្តល់សារៈសំខាន់ និងស្នាដៃជោគជ័យធំធេងដូចតទៅនេះ៖

១៖ លុបបំបាត់ចោលអស់ទាំងស្រុងនូវជម្លោះប្រដាប់អាវុធហិង្សារវាងគូខ្មែរបដិបក្ខពីអតីតកាល និងការធានាថា កម្ពុជា នឹងមិនវិលទៅរកថ្ងៃងងឹតនៃសង្រ្គាមស៊ីវិលវិញទៀតឡើយ។

២៖ ការបង្រួបបង្រួមបូរណភាពទឹកដីកម្ពុជាឡើងវិញ ដែលមិនធ្លាប់មានតែសោះក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមក។

ដូច្នេះនយោបាយឈ្នះឈ្នះ គឺជាសក្ខីកម្មដ៏ជាក់ស្តែងនូវការបញ្ចប់ភាពបែកបាក់គ្នា ដែលធ្លាប់តែបានញាំញីប្រទេសជាតិ តាំងពីសម័យអាណានិគមនោះមក។

៣៖ បង្កើតការបង្រួបបង្រួមជាតិ, អនុញ្ញាតឱ្យអតីតសត្រូវក្លាយជាផ្នែកនៃគ្រួសារខ្មែរ ធ្វើការរួមគ្នាដើម្បីការអភិវឌ្ឍ ជាជាងការសងសឹកនិងបំផ្លាញ។

៤៖ បង្កើតបានជាគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយប្រែក្លាយកម្ពុជាទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ដោយសារតែនយោបាយឈ្នះឈ្នះ នេះហើយរយៈពេល២៦ឆ្នាំរួចមកនេះ សេដ្ឋកិច្ចរបស់កម្ពុជាអាចធន់នឹងភាពបម្រែបម្រួលរបស់សកលលោកគ្រប់សព្វបែបយ៉ាង ក្នុងនោះរួមមានការឆ្លងកាត់ជំងឺ COVID-19 វិបត្តិសេដ្ឋកិច្ចដោយសារសង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។

*ហេតុអ្វីបានជាកុមារកម្ពុជា ត្រូវរៀនអំពីប្រវត្តិសាស្ត្រនេះ?

យុវជនកម្ពុជា ត្រូវដឹងពីប្រវត្តិពិតរបស់ប្រទេសខ្លួន។ ដូចប្រទេសនានាជុំវិញពិភពលោកបង្រៀនកូនៗរបស់គេ អំពីអ្នកដឹកនាំដ៏អស្ចារ្យរបស់គេ និងចំណុចរបត់ក្នុងប្រវត្តិសាស្ត្ររបស់គេដើម្បីជាការចងចាំទុកដោយមិនត្រូវមើលរំលងចោលឡើយ។

ហេតុដូច្នេះ កម្ពុជាក៏មានទំនួលខុសត្រូវរបស់ខ្លួនក្នុងការធានាថាមនុស្សជំនាន់ក្រោយត្រូវយល់ពីរបៀបដែលកត្តាអ្វីខ្លះធ្វើឱ្យ <<សន្តិភាព>> រត់ចេញពីប្រទេសនិងអ្វីខ្លះដែលធ្វើឱ្យ <<សន្តិភាព>> ចូលមកក្នុងប្រទេសកម្ពុជាវិញ ហើយតើឥស្សរជនណាដើរដើរតួនាទីយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំអនាគតរបស់កម្ពុជានោះ។ ប្រវត្តិសាស្ត្រ ក៏នឹងត្រូវសរសេរទុកផងដែរនូវក្រុម ឬ បុគ្គលណា ដែលប្រើប្រាស់ឧបាយកលទុច្ចរិតចង់នាំប្រទេស ដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញ និងបុគ្គលទាំងឡាយណាដែលបានភ្ញាក់រលឹកទាន់ពេលវេលា ចូលរួមកសាងជាតិក្រោមនយោបាយឈ្នះឈ្នះ ដើម្បីសុភមង្គលរបស់ជាតិនិងប្រជាជនពិតប្រាកដ។

តើមានប្រទេសណាមួយ ដែលគេរំលងចោលនូវស្នាដៃដ៏អស្ចារ្យរបស់វីរបុរសជាតិរបស់គេ និងមិនបានកត់ត្រាទុកនូវស្នាដៃដ៏អស្ចារ្យរបស់វិរបុរសនោះ ក្នុងក្រាំងប្រវត្តិសាស្ត្ររបស់ខ្លួនគេនោះ?

សហរដ្ឋអាមេរិកបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមដល់លោក George Washington និង Abraham Lincoln ចំពោះភាពដ៏អស្ចារ្យនៃការដឹកនាំរបស់លោកទាំង២។ ប្រទេសចិនក៏បានគោរពលោក តេង ស៊ាវពីង ចំពោះការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន។ ប្រទេសបារាំងបានចងចាំលោក Charles de Gaulle ដែលបានដឹកនាំប្រទេសជាតិឆ្លងកាត់សង្គ្រាមលោកលើកទីពីរ។ ដូច្នេះហេតុអ្វីបានជាកម្ពុជាត្រូវបដិសេធសិទ្ធិគោរពសម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសពីសង្គ្រាម និងនាំប្រទេសនេះទៅរកសន្តិភាព និងវិបុលភាពនោះ?

សម្តីរបស់លោក សម រង្ស៊ី ដែលថារាជរដ្ឋាភិបាលកំពុង <<លុបចោលប្រវត្តិសាស្ត្រ>> មិនត្រឹមតែជារឿងមិនពិតនោះទេ គឺបុគ្គលរូបនោះទេដែលកំពុងព្យាយាមលុបបំបាត់ការពិតក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។

សម រង្ស៊ី ដែលប្រឆាំងនឹងការដាក់បញ្ចូលនយោបាយឈ្នះឈ្នះក្នុងសៀវភៅប្រវត្តិសាស្ត្រជាតិរបស់កម្ពុជា គឺជាអ្នកនយោបាយម្នាក់ដ៏បរាជ័យ ដែលបុគ្គលរូបនេះ មិនត្រឹមតែសាបព្រួសអំពើបំផ្លាញជាតិប៉ុណ្ណោះទេ សូម្បីតែប្រវត្តិសាស្ត្ររបស់ជាតិដែលពលរដ្ឋខ្មែរកំពុងជាសាក្សី រួមទាំងសកលលោកបានមើលឃើញដោយប្រត្យក្សផងដែរនោះ ក៏បុគ្គលរូបនេះចង់ព្យាយាមលុបបំបាត់ចោលផងដែរ។

ដូច្នេះសេចក្តីបដិសេធណាមួយលើសារៈសំខាន់នៃគោលនយោបាយឈ្នះឈ្នះ គឺមានន័យថា ជាសេចក្តីបដិសេធចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា។ សម្តីរបស់ សម រង្ស៊ី មិនចង់ឱ្យយុវជនខ្មែរជំនាន់ក្រោយ យល់ដឹងអំពីនយោបាយឈ្នះឈ្នះ នោះ គឺជាទង្វើដែលគ្មានភាពស្មោះត្រង់ ដែលប្រជាជនកម្ពុជា មិនអាចទទួលយកបានឡើយនូវសម្តីដ៏ស្មោកគ្រោកគ្មានការពិតទាល់តែសោះនេះ។

មនុស្សដូចជា សម រង្ស៊ី ដែលមានគំនុំនយោបាយ ហើយច្រណែននិន្ទានឹងស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន នៃវីរបុរសជាតិរបស់ខ្មែរនោះ គឺបុគ្គល សម រង្សី នោះឯងគប្បីត្រូវចាត់ទុកជាអ្នកទោសនៃប្រវត្តិសាស្ត្រជាតិ ហើយគឺ សម រង្ស៊ី នោះទេដែលកំពុងមើលងាយប្រវត្តិសាស្រ្តដ៏សំខាន់បំផុតរបស់ប្រជាជាតិកម្ពុជានេះ។

*សូមខ្មែរជំនាន់ក្រោយរក្សាប្រវត្តិសាស្ត្រពិតរបស់កម្ពុជា

ប្រវត្តិសាស្ត្រកម្ពុជា គឺជាកម្មសិទ្ធិរបស់ប្រជាជន មិនមែនជារបស់ជនឆ្លៀតឱកាសនយោបាយណា ដែលចង់ឱ្យគេលុបចោល ឬ បំភ្លេចចោល ដូចជា សម រង្ស៊ី និងបក្ខពួកនោះឡើយ។ នយោបាយឈ្នះឈ្នះ គឺជាពេលវេលាកំណត់ដែលបញ្ចប់សង្រ្គាម ធានាសន្តិភាព និងបង្រួបបង្រួមកម្ពុជា។ វាជាសមិទ្ធិផលរបស់ជាតិ ដែលត្រូវតែបង្រៀនដល់កូនខ្មែរគ្រប់រូប ដើម្បីឱ្យពួកគេយល់អំពីការលះបង់ និងការដឹកនាំដែលនាំប្រទេសជាតិឱ្យផុតពីសម័យកាលដ៏ខ្មៅងងឹតបំផុតរបស់ខ្លួនក្នុងសតវត្សទី២០ ឈានចូលសតវត្សទី២១នេះ។ យើងមានពាក្យមួយម៉ាត់ចុងក្រោយ ប្រាប់ទៅវិញថា <<គឺ សម រង្ស៊ី ទេ ដែលជាបុគ្គលមើលងាយប្រវត្តិសាស្ត្រពិតរបស់ជាតិ!>>៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...