(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹងរៀបចំកម្មវិធីប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត <<មេរៀនអតីតកាល - ដើមបណ្តឹងរដ្ឋប្បវេណី>> ដែលជាផ្នែកមួយនៃគម្រោងសំណង <<អណ្ដើកក្លាហាន>> និង <<ប្រព័ន្ធផ្សព្វផ្សាយសហគមន៍អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម>>។ គម្រោងនេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. នៅក្នុងសំណុំរឿង ០០២/០២ ហើយត្រូវបានអនុវត្តចប់សព្វគ្រប់ ដោយសមាគមវប្បធម៌ កម្ពុជា អាឡឺម៉ង់។
ពិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣៖៣០នាទីរសៀលតទៅ ក្នុងអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ជាប់របងខាងលិចនៃអគារមិត្តភាពរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីភ្ញៀវជាតិ អន្ដរជាតិ ដើមបណ្ដឹងរដ្ឋប្បវេណី យុវជន និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៧០រូប។
ការតាំងពិព័រណ៍នេះមិនមែនគ្រាន់តែជាការប្រមូលផ្តុំនៃរូបភាពប៉ុណ្ណោះទេ វាជាសក្ខីភាពដ៏មានអំណាចដែលបង្ហាញពីភាពអត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់អ្នកដែលបានរស់រានមានជីវិតពីទំព័រដ៏ឈឺចាប់មួយនៅកម្ពុជាយើង។ រូបភាពទាំងនេះមិនមែនគ្រាន់តែពណ៌នាអំពីអតីតកាលនោះទេ ប៉ុន្តែជាមេរៀនដែលយើងរៀនពីរឿងរ៉ាវទាំងនេះ ជាពិសេសគឺឱ្យយុវជនជំនាន់ក្រោយបានដឹង ពីបទពិសោធន៍ដែលដើមបណ្តឹងរដ្ឋប្បវេណីបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងដើម្បីធានាថាប្រវត្តិសាស្រ្តនឹងមិនកើតឡើងជាថ្មីម្តងទៀត៕