(កំពង់ធំ)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជ្រាប់ ស្រុកសន្ទុក អគារប្រជុំ និងរបងព័ទ្ធជុំវិញ ដែលជាអំណោយរបស់លោកស្រី ខៀវ ស៊ីណា និងលោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឡង គីសឹង ប្រធានគណកម្មាធិការគណបក្សប្រជាជនស្រុកសន្ទុក និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់។
នាឱកាសនោះលោក ឡង គីសឹង បានឱ្យដឹងថា សមិទ្ធផលកំពុងតែចាប់ផ្ដើមកសាងនេះជាផ្នែកមួយដែលមានសារៈសំខាន់បំផុតសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន សម្រាប់ឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ប្រើប្រាស់នៅក្នុងមូលដ្ឋានភូមិ ឃុំ។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិ បានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់។ ជាក់ស្តែងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងអគារប្រជុំឃុំជ្រាប់នេះ ជាអំណោយរបស់លោកស្រី ខៀវ ស៊ីណា និងលោកស្រីបណ្ឌិត ជា សិរី ដើម្បីឲ្យគណបក្សមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ព្រោះគណបក្សមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិដែលនឹងកំពុងបន្តកសាងជាបន្តបន្ទាប់។
លោក ឡង គីសឹង ក៏បានថ្លែងអំណរគុណលោកស្រី ខៀវ ស៊ីណា និងលោកស្រីបណ្ឌិត ជា សិរី និងក្រុមការងារ ដែលបានផ្តល់អគារស្នាក់ការគណបក្សថ្មី អគារប្រជុំ របងព័ទ្ធជុំវិញ និងបន្ទប់ទឹក ដែលជាធនធានផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស និងបានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ។
គួរបញ្ជាក់ថាស្នាក់ការគណបក្សឃុំ មានទំហំ ១០.៥០ម៉ែត្រ x ៩.៨០ ម៉ែត្រ ក្រាលការ៉ូ ប្រក់ក្បឿង អគារប្រជុំមានទំហំ ១២ម៉ែត្រ x ៨ ម៉ែត្រ ក្រាលការ៉ូ ប្រក់សង្ក័សី របងថ្មព័ទ្ធជុំវិញ ៨៨ម៉ែត្រ និងបន្ទប់ទឹក កសាងដោយក្រុមហ៊ុនឯកប្រុស មានរយៈពេល៦ខែ ចាប់គិតពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៥ ហើយស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជ្រាប់នេះ គឺជាស្នាក់ការដែលបានសាងសង់ចុងក្រោយនៅក្នុងចំណោមស្នាក់ការគណបក្សប្រជាជនទាំង១០ ឃុំ ក្នុងស្រុកសន្ទុក៕