(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត-ស្រុក ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ និងអនុវត្តតាមការណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងក្រុមការងា បានចុះពិនិត្យនិងកែលម្អប្រព័ន្ធធារាសាស្រ្ដចំនួន ២កន្លែង ក្នុងស្រុកកំពង់លែង សម្រាប់ត្រៀមនាំទឹកមកស្រោចស្រពស្រូវប្រាំងប្រជាពលរដ្ឋ នៅចំណុចអូត្រាវ ចំណុចខ្នាយទោល និងចំណុចស្ទឹងរដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដារ និងប្រព័ន្ធធារាសាស្ត្រក្នុងឃុំសំរោងសែន ក្នុងស្រុកកំពង់លែង។
ក្នុងដំណើរចុះពិនិត្យស្ថានភាពទីតាំងប្រឡាយមេទាំង ២ទីតាំងខាងលើនេះ លោកអភិបាលរងខេត្ត និងក្រុមការងារ ក៏បានជួបពិភាក្សានិងពិគ្រោះយោបល់ជាមួយនឹងប្រជាកសិករ ដែលជាម្ចាស់ស្រែនៅក្នុងឃុំទាំង២ ដើម្បីផ្លាស់ប្ដូរយោបល់រកចំណុចល្អក្នុងការត្រៀមលក្ខណៈជាស្រេច ដោយធ្វើយ៉ាងណាការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឆ្នាំនេះឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យប្រជាកសិករទទួលបានទិន្នផលស្រូវខ្ពស់ដោយមិនមានការខូចខាតឬស្រូវត្រូវស្កកដោយសារតែមូលហេតុបណ្ដាលមកពីការខ្វះទឹកស្រោចស្រព្យនោះឡើយ។
ក្នុងពេលជួបសំណេះសំណាល និងពិភាក្សារកដំណោះ ស្រាយក្នុងការត្រៀមជួយសង្គ្រោះស្រូវប្រាំងឲ្យបានទាន់ ពេលវេលាជាមួយនឹងប្រជាកសិករខាងលើនេះដែរ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ក៏បានផ្ដាំផ្ញើទៅដល់ប្រជាកសិករទាំងអស់ ក្នុងស្រុកកំពង់លែង ដែលមានមុខរបរធ្វើស្រែប្រាំង ប្រសិនបើជួបប្រទះនូវការខ្វះខាតទឹកស្រោចស្រព្យស្រូវស្រែត្រូវប្រញាប់រាយការណ៍មកអាជ្ញាធរភូមិ-ឃុំ ឬស្រុក ដើម្បីក្រុមការងារមានវិធានការចុះជួយឲ្យបានទាន់ពេល ព្រោះថ្ងៃនេះក្រុមការងារបានចុះពិនិត្យនៅតាមទីតាំងធារាសាស្ត្រដែលត្រូវនាំទឹកមកស្រោចស្រព្យស្រូវស្រែរួចជាស្រេចហើយ។
ក្រុមការងារ និងអាជ្ញាធរក៏ធ្លាប់មានបទពិសោធន៍ក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋកាលពីឆ្នាំមុនៗផងដែរ។ ហេតុនេះប្រសិនបើឆ្នាំនេះបងប្អូនជួបប្រទះនូវការខ្វះខាតទឹកដូចឆ្នាំមុនៗទៀត សង្ឃឹមថាក្រុមការងារ និងអាជ្ញាធរ និងជួយសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕