(ព្រៃវែង)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ដែលកិច្ចប្រជុំនេះមានការចូលរួមពី សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង/ស្រុក មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ១៣៩នាក់។
ជាកិច្ចចាប់ផ្ដើម លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអានរបាយការណ៍ស្វាគមន៍ និងបានគូសបញ្ជាក់ពីសមិទ្ធផល និងវឌ្ឍនភាពការងាររបស់សាខា ដែលបាននិងកំពុងបំពេញការងារមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ រួមមាន៖ ១) ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ២) សុខភាព និងការថែទាំសុខភាពតាមសហគមន៍, ៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង៤) ការអភិវឌ្ឍស្ថាប័ន។
លោកស្រីអគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាទាំងអស់ ដែលបានបំពេញការងារដូចភ្លៀងរលឹមក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានខេត្តព្រៃវែង។
ជាមួយគ្នានេះលោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជាប្រតិបត្តិករមនុស្សធម៌ ជាកម្លាំងឈានមុខ ក្នុងការបំពេញការងារនាពេលកន្លងមក ស្របតាមទិសស្លោក <<សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល>>។
កិច្ចប្រជុំខាងលើនេះ ក៏បានពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗវិភាគលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជួបប្រទះនាពេលកន្លងមក។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងបូកសរុបនូវកិច្ចប្រជុំដោយទទួលបានលទ្ធផលដូចជា៖
១៖ ក្ដាប់បានកម្រិតនៃការអភិវឌ្ឍយុវជនតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តតាមភូមិឃុំ២៖ កំណត់ជាចំណុចគោលសម្រាប់ការបន្តអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តក្នុងបរិបទបរិវត្តកម្មឌីជីថល និងស្របតាមវឌ្ឍនភាពរាជរដ្ឋាភិបាលឌីជីថល ៣៖ សាខា នឹងមានសូចនាករ និងផែនការមួយ ដែលវាស់វែងបានជំហានអភិវឌ្ឍការងារយុវជន និងអ្នកស្ម័គ្រចិត្ត ចាប់ពីឆ្នាំ២០២៥ នេះរៀងទៅ ៤៖ កំណត់បានអាទិភាពការងារដែលយុវជន និងអ្នកស្ម័គ្រចិត្តបុរេសកម្មអនុវត្ត៕