ក្រសួងកសិកម្ម និង UNIDO ប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដែលជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មាន ពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផល

Posted By: RoogRog Robot | 05-Feb-2025 16:31:59

2025-02-05 03:29pm

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដែលជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មាន ពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផល។

ការប្រកាសនេះ​ បានធ្វើឡើងក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ ដល់សហគ្រាសជលផលក្រោយប្រមូលផល និងការដាក់ឱ្យដំណើរការជាផ្លូវការនៃប្រព័ន្ធអង្កេតតាមដានឌីជីថលកម្ពុជា ដែលបានរៀបចំនៅសណ្ឋារគារសូហ្វីតែលភ្នំពេញ។

ពិធីនេះរៀបចំក្រោមអធិបតី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO, លោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ព្រមជាមួយតំណាងធនាគារដៃគូជាមួយនឹងគម្រោង (CAPFISH-Capture)ផងដែរ។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់និរន្តរភាពនិងភាពប្រកួតប្រជែងរបស់វិស័យជលផលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្នុងថ្ងៃនេះ បានប្រគល់កញ្ចប់គាំទ្រជាផ្លូវការដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ២៣ តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ដែលមានសហគ្រាសជាងពាក់កណ្តាលគ្រប់គ្រងដោយស្រ្តី។

កម្មវិធី ISF ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៤ ក្នុងគោលដៅគាំទ្រដល់សហគ្រាសជាង ១០០ ក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាពនិងគ្រប់គ្រងដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

គម្រោង CAPFISH-Capture គឺជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន (CAPFish) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។

គម្រោងនេះ អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)ដើម្បីលើកស្ទួយនិងកែលម្អប្រតិបត្តិការរបស់សហគ្រាសជលផលក្នុងស្រុក។

បន្ថែមពីលើកម្មវិធី VCIS របស់គម្រោង CAPFISH-Capture ដែលបាននិងកំពុងតែដំណើរការក្នុងការផ្តល់ការគាំទ្រ ជាសម្ភារបរិក្ខារនិងជំនួយបច្ចេកទេសដល់សហគ្រាសនិងតួអង្គក្នុងខ្សែច្រវាក់តម្លៃ រួមទាំងអ្នកផ្គត់ផ្គង់ធាតុចូល កម្មវិធី ISF ផ្តល់ការគាំទ្រដល់ជាប្រាក់កម្ចីនិងជំនួយបច្ចេកទេសសមស្រប ដើម្បីបង្កើនប្រសិទិ្ធភាពប្រតិបត្តិការនិងការកែច្នៃផល ផលិតផល ជលផលជារួម។ យុទ្ធវិធីនេះ រួមចំណែកបង្កើនផលិតភាពរបស់សហគ្រាសនិងកែលម្អគុណភាពនិងសុវត្ថិភាពរបស់ផលិតផល។

លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមកម្មវិធី ISF ដោយមានប្រសាសន៍ថា <<តាមរយៈកិច្ចសហការជាសារវ័ន្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុដៃគូ យើងអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សហគ្រាសជលផល>>។

បន្ថែមពីនេះ លោក បានបញ្ជាក់ថា កម្មវិធីនេះ មានគោលដៅផ្តល់តម្លៃបន្ថែមនិងបង្កើនបរិមាណផ្គត់ផ្គង់ផលិតផលជលផលដែលមានសុវត្ថិភាព ដើម្បីធ្វើឲ្យកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ រួមទាំង សហភាពអឺរ៉ុប។

លោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍លើកឡើងពីផលជះផ្នែកសង្គមនៃកម្មវិធី ISF នេះ ដោយកត់សម្គាល់ថា <<ខ្ញុំជឿជាក់លើផលជះនៃសុវត្ថិភាពម្ហូបអាហារថាពិតជាកត្តាជំរុញដ៏សំខាន់មួយដល់កំណើនសេដ្ឋកិច្ច>>។

លោក បានបន្តថា នៅពេលដែលសហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារសុវត្ថិភាពម្ហូបអាហារ រួមទាំអការអនុវត្តប្រព័ន្ធអង្កេតដាន សហគ្រាសទាំងនោះនឹងមិនត្រឹមតែអាចរីកចម្រើនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅកាន់ទីផ្សារអន្តរជាតិផងដែរ បន្ថែមលើការបង្កើតការងារ ជាពិសេសសម្រាប់ស្ត្រី និងលើកកម្ពស់សុខភាពសាធារណៈ។>>

ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងកោតសសើរគម្រោង CAPFISH-Capture និង សាជីវកម្ម CGCC ចំពោះវឌ្ឍនភាពដែលសម្រេចបានមកទល់ពេលនេះ ដោយមានប្រសាសន៍លើកឡើងថា៖ កម្មវិធី ISF ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងប្រព័ន្ធអង្កេតដាន គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អៗ ដែលនឹងរួមចំណែកបង្កើនផលិតផលសរុបក្នុងស្រុក (GDP) និងជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ (Pentagonal Strategy) របស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បទពិសោធជោគជ័យនៃគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែអាចលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងនិរន្តរភាព នៃអនុវិស័យកសិកម្មនិងជលផលរបស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។

ដើម្បីផ្តល់ការគាំទ្របន្ថែមសម្រាប់សហគ្រាសក្នុងស្រុកដែលមានសក្តានុពលក្នុងស្រុកនាំចេញផលិតផល គម្រោង CAPFISH-Capture បានបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធអង្កេតដានឌីជីថល ដែលមានឈ្មោះថា CamTrace នៅក្នុងថ្ងៃនេះផងដែរ។ ប្រព័ន្ធ CamTrace អាចជួយឱ្យសហគ្រាសអាចនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅស្រុក ខណៈដែលវាជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផលបាន។

បច្ចុប្បន្ន មានសហគ្រាសចំនួនប្រាំបីកំពុងប្រើប្រាស់ប្រព័ន្ធនេះ ហើយការអនុវត្តប្រព័ន្ធនេះកាន់តែច្រើន ពីសំណាក់សហគ្រាសដែលមានសក្តានុពលនាំចេញផ្សេងទៀត នឹងពន្លឿនលទ្ធភាពនៃការនាំចេញផល ផលិតផលជលផលមានគុណភាពនិងសុវត្ថិភាពបានកាន់តែលឿន។

តាមរយៈកម្មវិធី ISF នេះ គម្រោង CAPFISH-Capture បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយទៀតរបស់ខ្លួន ក្នុងការជំរុញការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដោយធានាថាសហគ្រាសក្នុងស្រុកមានការរីកចម្រើន និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកល ព្រោះគំនិតផ្តួចផ្តើមនេះ បានរួមចំណែកពង្រឹងភាពធន់របស់សេដ្ឋកិច្ចជាតិនិងសុខភាពសាធារណៈ៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...