(កណ្ដាល)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើក <<យុទ្ធនាការផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន>> ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។
យុទ្ធនាការនេះមានការអញ្ជើញចូលរួមពី លោក គួច ចំរើន អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរជុំវិញខេត្ត អង្គការដៃគូ តំណាងសមាគមនិយោជក តំណាងសហជីព និងកម្មករនិយោជិតនៃរោងចក្រ បូវឃើរ ហ្វេកធើរី។
យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើង ក្រោមកិច្ចសហការរវាងក្រសួងការងារ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ ជាមួយគ្នានេះយុទ្ធនាការក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ៕