(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានស្នើសុំកិច្ចសហការ កាន់តែខ្លាំងខ្លាថែមទៀត ពីបណ្តាក្រសួងស្ថាប័ន និងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមជាមួយគ្នា ក្នុងការបង្កើនល្បឿន នៃការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។
ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត។ សន្និបាតនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា <<ខ្ញុំសូមស្នើសុំកិច្ចសហការកាន់តែខ្លាំងខ្លាថែមទៀត ពីបណ្តាក្រសួងស្ថាប័ន និងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមជាមួយគ្នា ក្នុងការបង្កើនល្បឿន នៃការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក្រោមយន្តការនៃការដឹកនាំសម្របសម្រួល និងអនុវត្តរបស់រាជរដ្ឋាភិបាល>>។
លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បើទោះបីជាត្រូវជួបប្រទះ នឹងបញ្ហាប្រឈមមួយចំនួនក្តី ក៏ក្រសួងពិតជាបានខិតខំបំពេញតួនាទីរបស់ខ្លួន យ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចឱ្យបានសមិទ្ធផលលេចចេញជារូបរាងជាក់ស្តែង ជាបន្តបន្ទាប់។
ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តចូលរួមជាធ្លុងមួយខិតខំ អនុវត្តការងារទៅតាមផែនការ និងទិសដៅ ដែលបានដាក់ចេញ។
លោក ជា វ៉ាន់ដេត បានថ្លែងថា ក្នុងន័យនេះ កិច្ចការកែទម្រង់ និងការលើកកម្ពស់ ផលិតភាពការងារ ការអភិវឌ្ឍនិងគ្រប់គ្រងវិស័យរបស់ក្រសួង ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការបង្កើនសមត្ថភាព។
បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានប្រាប់ឲ្យជំរុញ ការចាប់យកបច្ចេកវិទ្យា គឺជាមុខព្រួញគន្លឹះ ដែលយើងទាំងអស់គ្នា ត្រូវបន្តពួតដៃគ្នា និងធ្វើការឱ្យស្រុះដៃគ្នា ដើម្បីសម្រេច បានផ្លែផ្កាជាបន្តទៀត នៅក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថលនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាកាតាលីករ នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត ក៏សូមលើកទឹកចិត្តដល់អង្គសន្និបាតទាំងមូល ចូលរួមពិភាក្សាឱ្យបានផុលផុស ដោយផ្តោត ជាពិសេសលើការកំណត់អាទិភាព នៃទិសដៅការងារ និងគោលដៅជាយុទ្ធសាស្ត្រ និងរិះរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដែលអាចអនុវត្តបាន ទៅលើបណ្តាបញ្ហាប្រឈមដែលកើតមាន។
សំដៅសម្រួចវិធានការការងារជាក់ស្តែង ក្រោមក្របខណ្ឌ នៃការងារកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ការងារវិស័យប្រៃសណីយ៍ ការងារវិស័យទូរគមនាគមន៍ ការងារវិស័យ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងវិស័យឌីជីថល និងការងារ ជំរុញការចាប់យកឌីជីថល និងការលើកកម្ពស់មូលធនឌីជីថល។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជា វ៉ាន់ដេត៕