(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារជូនពរលោកជំទាវ ក្នុងឱកាសខួបចម្រើនជន្មាយុ។
ក្នុងសារលិខិតរបស់លោកជំទាវបណ្ឌិតមានខ្លឹមសារទាំងស្រុងដូច្នេះថា៖<<ស្ថិតក្នុងវេលាដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជ្រាលជ្រៅបំផុត ពោរពេញដោយក្តីសោមនស្សរីករាយ និងមហាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារជូនពរដ៏មានអត្ថន័យឧត្តុង្គឧត្តម ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំម្ចាស់ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ។
ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់សូមលំឱនកាយវាចារចិត្ត ក្រាបបង្គំទូលថ្វាយ នូវព្រះពរស័ព្ទសាធុការ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំពរជ័យបវរមហាប្រសើរថ្លៃថ្លាថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិផងទាំងពួង ដើម្បីបំពេញព្រះរាជបេសកកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិដ៏ឧត្តុង្គឧត្តមថ្លៃថ្លា និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំថ្កុំថ្កើងរុងរឿង សម្រាប់ប្រជានុរាស្ត្រខ្មែរបន្តពី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាយូរអង្វែងតរៀងទៅ។
ជាមួយគ្នានេះ ខ្ញុំម្ចាស់សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ប្រកបដោយភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ថ្វាយចំពោះ ព្រះគុណូបការៈមិនអាចកាត់ថ្លៃបានរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងតែបានបូជាព្រះរាជកាយពល ព្រះរាជបញ្ញាញាណ និងលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយជាច្រើន ក្នុងការបំពេញព្រះរាជបេសកកម្ម ជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជានុរាស្ត្រគ្រប់រូប ប្រកបដោយទសពិធរាជធម៌ និងព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លា។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួល នូវអភិវន្ទនកិច្ច និងគារវភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ពីខ្ញុំម្ចាស់ និងសូម ព្រះអង្គ ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ>>៕