UN៖ ៣ថ្ងៃនៃបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស មានរថយន្តដឹកជំនួយមនុស្សធម៌ជាង ២ ៤០០គ្រឿង ចូលដល់តំបន់ហ្កាហ្សា

Posted By: RoogRog Robot | 22-Jan-2025 04:57:23

2025-01-22 10:55am

(យូអិន)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា រថយន្តដឹកជំនួយមនុស្សធម៌ជិត ៩០០គ្រឿងទៀតបានចូលទៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលជានៅថ្ងៃទី ៣ នៃបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដោយនាំឱ្យចំនួនសរុបកើនឡើងដល់ ២ ៤០០គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។

លោក Muhannad Hadi ដែលជាមន្ត្រីជាន់ខ្ពស់​ UN ទទួលបន្ទុកផ្នែកជំនួយសម្រាប់តំបន់ហ្កាហ្សា និង West Bank ក៏បានឱ្យដឹងដែរថា មានឧប្បត្តិហេតុលួចយកតិចតួចប៉ុណ្ណោះ រយៈពេលបីថ្ងៃកន្លងមក ប៉ុន្តែមិនដូចពីមុនទេ។ លោកប្រាប់ក្រុមអ្នកយកព័ត៌មាន ដូច្នេះថា <<វាមិនមែនជាឧក្រិដ្ឋកម្មរៀបចំទេ។ មានតែក្មេងៗខ្លះលោតពីឡើងលើឡាន ដើម្បីព្យាយាមដណ្តើមយកញ្ចប់អាហារ ហើយខ្លះទៀតព្យាយាមយកទឹកដប។ សង្ឃឹមថាពីរទៅបីថ្ងៃទៀត នឹងលែងមានសកម្មភាពបែបនេះ គឺពេលដែលប្រជាជនហ្កាហ្សាដឹងថា យើងមានជំនួយគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នា>>។

តាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ UN រថយន្តដឹកជំនួយមនុស្សធម៌ចំនួន ៨៩៧គ្រឿង បានចូលក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ។ ចំនួននេះគឺច្រើនជាងមុន បើប្រៀបធៀបនឹង ៦៣០គ្រឿងនៅថ្ងៃអាទិត្យ និង ៩១៥គ្រឿងនៅថ្ងៃចន្ទ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងតម្រូវឱ្យរថយន្តដឹកទំនិញយ៉ាងតិច ៦០០គ្រឿងចូលក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ នៃបទឈប់បាញ់រយៈពេល ៦សប្តាហ៍ដំបូង រួមទាំង ៥០គ្រឿងដែលដឹកប្រេងឥន្ធនៈ។ ពាក់កណ្តាលនៃរថយន្តជំនួយទាំងនោះ ត្រូវបានគេសន្មត់ថា ទៅកាន់ភាគខាងជើងតំបន់ ជាកន្លែងដែលអ្នកជំនាញព្រមានថាជិតមានគ្រោះទុរភិក្ស៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...