គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន ប្រជុំពិនិត្យបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការ

Posted By: RoogRog Robot | 22-Jan-2025 06:20:03

2025-01-22 01:18pm

(ភ្នំពេញ)៖ លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំឆ្នាំ២០២៤។

ផ្អែកតាមរបាយការណ៍របស់អនុគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែនភាគ ឦសាន បានឲ្យដឹងថា នៅបណ្តាខេត្តជាប់ព្រំដែនភាគឦសាន គិតចាប់ពីពេលបង្កើតអនុគណៈកម្មការបង្ការ ទប់ស្កាត់ និង បង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន ភាគឦសាន មានខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងរតនគីរី បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន១៧១ករណី, ឃាត់ខ្លួនជនសង្ស័យចំនួន៣៧៥នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុប២តោន ៦៣២គីឡូ ០៩៦ក្រាម។

ការផ្សព្វផ្សាយអប់រំ និងវិធានការរដ្ឋបាល បានអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចុះផ្សព្វផ្សាយ អប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សរុបចំនួន៥១២៨លើក មនុស្សចូលរួម៤១៥,០៤៣នាក់។

ថ្លែងក្នុងឱកាសនោះ លោក ម៉ក់ ជីតូ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ ក្នុងការបំពេញការងាររយៈពេល១ឆ្នាំកន្លងមកនេះ សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។

លោក ម៉ក់ ជីតូ បានណែនាំឲ្យពង្រឹងការដឹកនាំទទួលខុសត្រូវរបស់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត ពោលត្រូវបន្តជំរុញការងារអប់រំផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៣កុំ១រាយការណ៍ ពិសេសសង្កត់ធ្ងន់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការប្រឈមចំពោះមុខច្បាប់។ លើសពីនេះ ត្រូវបំប៉នសមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ អំពីច្បាប់ ជំនាញ និងពង្រឹងការអនុវត្តន៍វិន័យ។

លោកប្រធានគណៈកម្មការទី៣រូបនេះ ក៏បានគូសបញ្ជាក់ឲ្យបន្ដពង្រឹងកិច្ចសហការជាមួយរាល់អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយស្ថាប័នច្បាប់ និងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តជាតិ ដោយផ្អែកតាមច្បាប់ប្រទេសរៀងៗខ្លួន សំដៅធានាដល់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បន្ថែមពីនេះ ត្រូវបង្កើនការអប់រំណែនាំ រំលឹកដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ឲ្យគោរពនូវក្រមសីលធម៌ និង មនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ទន្ទឹមនោះ យកចិត្តទុកដាក់ក្នុងការលើកទឹកចិត្ត តាមរយៈការលើកសរសើរ ជូនរង្វាន់ចំពោះមន្ត្រីដែលមាន ស្នាដៃ ព្រមទាំងអនុវត្តវិន័យ ឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះមន្ត្រីប្រតិបត្តិការ ដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...