(យូអិន)៖ ប្រទេសប៉ាណាម៉ា បានផ្ញើលិខិតមួយជូនអង្គការសហប្រជាជាតិ (UN) និងដើម្បីជាការរំលឹកឡើងវិញ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្តេជ្ញាធ្វើឱ្យព្រែកជីកប៉ាណាម៉ា ត្រលប់មកឋិតក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិកវិញ នៅពេលស្បថចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។
លោក ត្រាំ ក៏បានចោទប្រកាន់ ប៉ាណាម៉ាថាបំពានសន្យាឆ្នាំ ១៩៩៩ ក្នុងដែលមានការពេលផ្ទេរផ្លូវទឹកយុទ្ធសាស្ត្រនេះ និងបានប្រគល់ប្រតិបត្តិការទៅឱ្យចិន។ ប៉ុន្តែរដ្ឋាភិបាលប៉ាណាម៉ា បានបដិសេធយ៉ាងដាច់អហង្ការ។ កន្លងមក លោក ត្រាំ ក៏មិនបានច្រានចោលលទ្ធភាព ប្រើប្រាស់សម្ពាធផ្នែកសេដ្ឋកិច្ច និងយោធាដើម្បីយកព្រែកជីកនេះមកវិញដែរ។
តាមលិខិតដែល Reuters ទទួលបានកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតប៉ាណាម៉ាប្រចាំ UN លោក Eloy Alfaro de Alba កត់សម្គាល់ថា ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសនានា <<ត្រូវធ្វើឱ្យទំនាក់ទំនងអន្តរជាតិពួកគេ ចៀសផុតពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ>>។
លិខិតនោះ ផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres ដើម្បីផ្សព្វផ្សាយបន្តដល់ក្រុមប្រឹក្សាសន្តិសុខទាំង ១៥។ ប៉ាណាម៉ា គឺជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ដែលទទួលបន្ទុកការងាររក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ សម្រាប់ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦៕