ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យ និងប្រគល់ភារកិច្ចជូនទីបញ្ជាការស្រាល ដើម្បីការពារទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រតំបន់៣ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ

Posted By: RoogRog Robot | 22-Jan-2025 14:59:43

2025-01-22 02:55pm

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះត្រួតពិនិត្យភូមិសាស្ត្រតំបន់៣ ដែលកំពុងគ្រប់គ្រងដោយទីបញ្ជាការស្រាល ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ថន ពុទ្ធា អភិបាលរងស្រុក ប្រធានគណៈបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់បត់ត្រង់ និងតំបន់ខ្វាក់តូច ខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានរាយការណ៍ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិបានឡើយ។

លោកបានបញ្ជាក់ថា កន្លងមកកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល បានធ្វើការផ្សព្វផ្សាយបទបញ្ជា និងសេចក្តីណែនាំនានារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ដីអំពីវិធានការគ្រប់គ្រង ការពារដីតំបន់៣ មិនឱ្យមានការកាប់ទន្ទ្រានបានជាដាច់ខាត ហើយកន្លងមកនេះកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ក៏បានចាប់ឃាត់ខ្លួនជនល្មើស រួមជាមួយវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ជាបន្តបន្ទាប់។

នាឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយនឹងអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់មិនឲ្យមានការ​​កើតឡើង​ជាថ្មី នូវការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ ជាមួយនោះក៏បានចាប់ឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ បច្ចុប្បន្នផ្ទៃដីដែលយើងដកហូតបាន យើងកំពុងធ្វើការគ្រប់គ្រង យ៉ាងម៉ត់ចត់ ហើយព្រៃរនាម រុក្ខជាតិធម្មជាតិក៏បានកើត​ឡើង និងដុះរស់ឡើងវិញជាបន្តបន្ទាប់ ដើម្បីទុកសម្រាប់ត្រីពង កូនក្នុងរដូវវស្សា​នៅពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ ក៏បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដីស្រុកឃុំភូមិ ត្រូវបន្តសកម្មភាពឲ្យបានជាប់ជាប្រចាំ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រដែលបានហាមឃាត់ មិនឱ្យមានការកើតឡើងជាតិថ្មីនូវការកាប់ទន្ទ្រានដីព្រៃលិចទឹក ឬធ្វើស្រែនៅលើដីដែលបានដកហូតរួចហើយ បានជាដាច់ខាត។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រចាំការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំង​ចម្រុះរួមមាន៖ ប្រេងសាំងចំនួន ២០០លីត្រ អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន៥ កេស ត្រីខកំប៉ុងចំនួន ៥យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៥យួរ សម្រាប់កងកម្លាំងចម្រុះ ដោះស្រាយជីវភាពប្រចាំថ្ងៃ និងបន្តល្បាតធ្វើសកម្មភាពឲ្យដូចភ្លឿងរលឹម​ដោយ​គ្មាន​ការ​ដកថយ​ឡើយ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...