ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA នៃប្រទេសន័រវេស្ស គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា

Posted By: RoogRog Robot | 22-Jan-2025 13:42:18

2025-01-22 12:35pm

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Hans Risser នាយកទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា (NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងមិត្តភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងន័រវេស្ស ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្សដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវិស័យសកម្មភាពមនុស្សធម៌ និងការកសាងសមត្ថភាពដល់មន្រ្តីបុគ្គលិកសកម្មភាពមីន ផងដែរ ក្នុងនោះទីភ្នាក់ងារ NPA គឺជាដៃគូមួយយ៉ាងសំខាន់សម្រាប់វិស័យសកម្មភាពមីន។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសន័រវេស្សដែលបានផ្តល់ការគាំទ្រដល់ភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា រហូតដល់ទទួលបានជោគជ័យ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យទីភ្នាក់ងារ NPA បន្តគាំទ្រដល់ដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ជំនួយបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគាំទ្រដល់ដំណើរការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣ របស់កម្ពុជា ដែលអាជ្ញាធរមីន សហការជាមួយដៃគូពាក់ព័ន្ធកំពុងរៀបចំ និងគ្រោងអនុម័តនាចុងឆ្នាំ២០២៥ នេះ។

លោក Hans Risser នាយក NPA ប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ លោក Hans Risser បានអះអាងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាព ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងមន្រ្តីត្រួតពិនិត្យគុណភាពបោសសម្អាតមីនរបស់អាជ្ញាធរមីន។

មុននឹងបញ្ចប់ នាយក NPA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដល់បេសកម្មការងាររបស់ទីភ្នាក់ងារ NPA ប្រចាំកម្ពុជា៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...