(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យលើការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីពលរដ្ឋ នាពេលឆាប់ៗខាងមុខនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) ថ្មីមួយទៀតដើម្បីបង្ខិតសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះបើតាមបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងទៀតថា នេះជាទស្សនវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ ជាពិសេសអ្នកទទួលសេវា ព្រមទាំងធ្វើឡើង ដើម្បីបំពេញតម្រូវការនិងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទោចក្រយានយន្ត។
លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។ បើគ្មានការប្រែប្រួលទេប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ៕