(ដាវ៉ូស)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក ទីង ស៊ឺស៊ាំង (Ding Xuexiang) បាននិយាយថា ប្រទេសចិននឹងបង្កើនការនាំចូលរបស់ខ្លួន ដែលការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្អាកការអនុវត្តការចាត់វិធានការដកហូតពន្ធភ្លាមៗលើទំនិញរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ទីង ខណៈថ្លែងកាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយថា៖ <<យើងមិនស្វែងរកអតិរេកពាណិជ្ជកម្មទេ។ យើងចង់នាំចូលផលិតផល និងសេវាកម្មដែលមានគុណភាពប្រកបដោយ ការប្រកួតប្រជែងបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយតុល្យភាព>>។
ការអត្ថាធិប្បាយរបស់លោក ទីង បានកើតឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បានដកចិត្តវិញពីការអនុវត្តផែនការដកហូតពន្ធគយលើទំនិញនាំចូលពីចិនបន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ ផ្ទុយទៅវិញ គាត់បានផ្តោតលើការដកហូតពន្ធគយលើប្រទេសកាណាដា និងម៉ិកស៊ិក ដោយបង្ហាញផែនការដកហូតពន្ធគយដែលលោកបានគំរាមកំហែងធ្វើកន្លងមករហូតដល់ ២៥% នៅថ្ងៃទី១ ខែកុម្ភៈ។
លោក ទីង ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំពីរ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយចិន ដែលជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនិស្ត ដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនភីង បាននិយាយថា ប្រទេសចិនបានខិតខំប្រឹងប្រែងបង្កើនការនាំចូល ហើយប្រទេសចិនមានកម្រិតជារួមនៃពន្ធគយទាប ៧,៣%។ លោកក៏បានលើកឡើងពីការរៀបចំឱ្យមានអត្រាពន្ធសូន្យ របស់ប្រទេសចិនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួចផងដែរ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងអ្វីដែលហៅថា Global South។
អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៩៩២ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជំរុញដោយការនាំចេញដ៏រឹងមាំដែលជួយជំរុញសេដ្ឋកិច្ច ប៉ុន្តែអាចត្រូវបានគំរាមកំហែងដោយពន្ធគយ។ ប្រទេសផ្សេងទៀតដូចជាសហភាពអឺរ៉ុប និងប្រេស៊ីលក៏បានចាត់វិធានការទប់ស្កាត់ការហូរចូលផលិតផលចិនដែលមានតំលៃទាបផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕