ថៃចាប់ផ្តើមនាំចេញទុរេនឡើងវិញ ទៅកាន់ប្រទេសចិន ក្រោយរងការហាមឃាត់

Posted By: RoogRog Robot | 22-Jan-2025 10:13:21

2025-01-22 10:06am

(បាងកក)៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ថៃលោក Itthi Sirilathayakorn បានឱ្យដឹងថា ប្រទេសថៃកាលពីថ្ងៃចន្ទបានចាប់ផ្តើមនាំចេញទុរេនឡើងវិញទៅកាន់ប្រទេសចិន បន្ទាប់ពីមានការហាមឃាត់ជាបណ្តោះអាសន្នលើផ្លែឈើតម្លៃថ្លៃនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោក Itthi ខណៈថ្លែងថា ទុរេនចំនួន ៩៦តោន ដែលមានតម្លៃ ៧,៨លានបាត (ប្រហែល ២៣ម៉ឺនដុល្លារ) នឹងត្រូវនាំចេញទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា តាមច្រកព្រំដែនក្នុងខេត្តណាក់ខនភ្នំ និងខេត្តឈៀងរ៉ៃ។

លោកបាននិយាយថា ការនាំចេញត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនិងមានការបញ្ជាក់ដែលឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនាំចូលរបស់ប្រទេសចិន ដែលបានចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១០ ខែមករា ឆ្នាំនេះ។

យោងតាមអនុរដ្ឋមន្ត្រីរូបនេះបានឱ្យដឹងថា ក្រសួងបានចាត់វិធានការបន្ទាប់ពីប្រទេសចិនតម្រូវឱ្យធ្វើតេស្តរកមើលសារធាតុពណ៌ Basic Yellow 2 ដែលជាសារធាតុបង្កជំងឺមហារីកនៅក្នុងទុរេននាំចូលពីប្រទេសថៃ និងឯកសារបញ្ជាក់ថា ផលិតផលទុរេនទាំងនោះមិនមានផ្ទុកសារធាតុនេះ។

លោក Itthi ក៏បានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងប្រតិបត្តិករអាជីវកម្មដែលមិនគោរពតាមវិធានការត្រួតពិនិត្យរកមើលសារធាតុនេះដែលបានរឹតបន្តឹងសម្រាប់ផលិតផលមុនពេលនាំចេញ។ លោកក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ជាពិសេសនាយករដ្ឋានកសិកម្មនៃក្រសួងកសិកម្មថៃ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថា ការនាំចេញទុរេនអាចបន្តដូចការគ្រោងទុក។

យោងតាមនាយកដ្ឋានកសិកម្ម រដ្ឋបាលទូទៅគយនៃប្រទេសចិន (GACC) បានអនុម័តឱ្យមន្ទីរពិសោធន៍ចំនួនប្រាំមួយធ្វើតេស្តរកមើលសារធាតុពណ៌ Basic Yellow 2 ក្នុងប្រទេសថៃនៅថ្ងៃទី១៧ ខែមករា ហើយមន្ទីរពិសោធន៍ចំនួន៤ ទៀតត្រូវបានរំពឹងថានឹងទទួលបានការអនុម័តបន្ថែមទៀតនៅសប្តាហ៍ក្រោយ ដែលនឹងអនុញ្ញាតឱ្យមានការធ្វើតេស្តសំណាកប្រចាំថ្ងៃចំនួន ១ ៣០០។

កាលពីថ្ងៃទី១១ ខែមករា ក្រសួងកសិកម្មថៃទទួលបានដំណឹងអំពីការច្រានចោលទុរេនដែលបាននាំចេញទៅកាន់អាកាសយានដ្ឋានទីក្រុងណាននីងនៃប្រទេសចិន ដោយសារឯកសារមិនស៊ីសង្វាក់គ្នាក្នុងការបញ្ជាក់ថា ទុរេនទាំងនោះមិនមានសារធាតុ Basic Yellow 2។

លោក Rapibhat Chandarasrivongs អគ្គនាយកនៃនាយកដ្ឋានកសិកម្មបាននិយាយថា វិញ្ញាបនបត្រនឹងត្រូវបានចេញឱ្យសម្រាប់ការនាំចេញលុះត្រាតែលទ្ធផលពីមន្ទីរពិសោធន៍រាយការណ៍ថា សារធាតុ Basic Yellow 2 មិនត្រូវបានរកឃើញ ហើយកម្រិតសារធាតុកាដ្យូម (cadmium) មានមិនលើសពីកម្រិតកំណត់ ០,០៥មីលីក្រាមក្នុងមួយគីឡូក្រាម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...