(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការឈានជើងដើរចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច គឺជាការសម្រេចចិត្តមួយក្នុងការប្រឹងប្រែងម្ចាស់ការក្នុងការរស់ដោយខ្លួនឯង។
ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា។
នាឱកាសនោះ សម្ដេចបវរធិបតីបានបញ្ជាក់ថា <<ប្រទេសកម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ហើយក៏មិនមែនអត់មានបញ្ហានោះដែរ តែយើងត្រូវផ្ដោតលើសក្ដានុពលរបស់យើងដែលមាន ត្រូវខិតខំជំរុញប្រទេសយើងឱ្យរីកចម្រើន យើងមិនមែនមួយថ្ងៃៗអង្គុយតែកើតទុក្ខខ្មែរក្រហមសម្លាប់មនុស្ស ប្រទេសកើតសង្គ្រាម៥០០ឆ្នាំ ហើយមិនគិតធ្វើអីនោះទេ>>។
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានបន្តថា យើងមិនអង្គុយតែសោកស្ដាយចំពោះប្រវត្តិជូរចត់៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជានោះទេ គឺមានតែធ្វើយ៉ាងណាខិតខំអភិវឌ្ឍប្រទេសក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ហើយបានដាក់ទិសដៅចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ខាងមុខ។
កម្ពុជាយើងបានទទួលស្គាល់តថភាពសោកសៅក្នុងប្រវត្តិសាស្ត្រនាពេលកន្លងមក ហើយខិតខំធ្វើយ៉ាងណាឱ្យមានមូលដ្ឋានកាន់តែរឹងមាំ ដើរក្រោយប្រទេសជិតខាងមែន តែយើងត្រូវតែខំប្រឹងតាមឱ្យទាន់គេ ហើយនឹងដើរទាន់គេនាពេលខាងមុខ។
សូមជម្រាបថា រយៈពេល៥០០ឆ្នាំចាប់ពីចុងសម័យអង្គរមក កម្ពុជាបានជួបនូវព្រឹត្តិការណ៍សង្គ្រាមជាបន្តបន្ទាប់ យ៉ាងហោចណាស់គេត្រូវចាំដល់ចុងឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាស្គាល់នូវសុខសន្តិភាព ចាប់ផ្ដើមពង្រឹងស្ថិរភាពនយោបាយ បន្តការអភិវឌ្ឍ កសាងមូលដ្ឋានគ្រឹះសង្គម-សេដ្ឋកិច្ច និងកំពុងទទួលផ្លែផ្ការីកចម្រើនមកដល់ពេលបច្ចុប្បន្ន៕