កង់២០០០គ្រឿង និងកាតាប១២,០០០កាតាប ជាអំណោយរបស់មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវប្រគល់ជូនមន្ទីរអប់រំ ខេត្តកំពង់ធំ

Posted By: RoogRog Robot | 23-Dec-2024 07:48:56

2024-12-23 02:45pm

(កំពង់ធំ)៖ កង់ចំនួន ២,០០០គ្រឿង និងកាតាបចំនួន ១២,០០០ ដែលជាអំណោយរបស់មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ (CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបាននាំមកប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ដើម្បីលើកទឹកចិត្ដបន្ថែមទៀត ដល់ការសិក្សារបស់សិស្ស។

ពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល, លោក Zhang Shenyue ប្រធានកម្មវិធីគម្រោងរបស់ CFRD និងលោក អ៉ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ។

ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់ លោក អ៉ឹម វ៉ាន់នី បានរំលេចថា រយៈពេល២ឆ្នាំនេះ (ឆ្នាំ២០២៣ និងឆ្នាំ២០២៤) ដោយមានការគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ខេត្តកំពង់ធំ ទទួលបានអំណោយពី CFRD នូវកាតាបចំនួន ២០,៤៤២កញ្ចប់ និងកង់ចំនួន ១,២៩៦គ្រឿង។ អំណោយទាំងនេះបានរួមចំណែកយ៉ាងសកម្មដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានរួមចំណែកដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តកំពង់ធំ ថែមទៀតផង។

ក្នុងនាមម្ចាស់អំណោយកង់ និងកាតាប, ប្រធានកម្មវិធីគម្រោងរបស់ CFRD បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គពាក់ព័ន្ធនានាក្រោមទម្រដ៏រឹងមាំនៃកិច្ចគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលដល់បេសកកម្មការងាររបស់ CFRD ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជន។

តំណាងអភិបាលខេត្តកំពង់ធំ ក៏បានលើកទឹកចិត្តសិស្សដែលទទួលអំណោយកាតាប និងកង់ពី CFRD តាមរយៈវេទិកាសម្ព័ន្ធសង្គស៊ីវិល សូមជួយថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង និងបង្កើនការរួមចំណែកពន្លាតស្មារតីនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។

លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក CFRD គឺជាដៃគូដ៏សំខាន់របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់អំណោយកាតាប ១៦៧,៥៣៤កញ្ចប់ និងកង់ចំនួន ៥,០២៦គ្រឿង ជូនដល់សិស្សានុសិស្សនៅជនបទចំនួន២២ខេត្ត។ បេសកកម្មនេះមិនត្រឹមរួមចំណែករឹតបន្តឹងចំណងមេត្រីភាព នៃទំនាក់ទំនងប្រជាជន និងប្រជាជនកម្ពុជា និងចិន ប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទៀតផង។

លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានបន្ថែមថា សមិទ្ធផលដែលផ្តល់បច្ច័យល្អដល់ការរៀបចំពិធីនាថ្ងៃនេះ គឺកើតឡើងពីហេតុផលសំខាន់ចំនួន ៣រួមមាន៖

ទី១៖ កត្តាសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចដែលសម្រេចបានដោយការលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ព្រមទាំងការដឹកនាំប្រកបដោយគតិបណ្ឌិតដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវគ្រប់អាណត្តិដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃបច្ចុប្បន្ន។

ទី២៖ ទំនាក់ទំនងជាប្រពៃណីល្អរវាងកម្ពុជា និងចិន ឈានដល់កម្រិតមិត្តភាពដែកថែប ដែលជាកិច្ចខិតខំប្រឹងប្រែងពូនជ្រុំដោយថ្នាក់ដឹកនាំតាំងពីជំនាន់មុនៗរហូតដល់ពេលបច្ចុប្បន្នដែលបានបង្កបរិយាកាសដល់វិស័យឯកជន ក៏ដូចជាសង្គមស៊ីវិល បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ

និងទី៣៖ ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដែលបានចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...