(កំពង់ឆ្នាំង)៖ ក្រុងកំពង់ឆ្នាំងបច្ចុប្បន្ននេះកំពុងត្រូវបានរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅតាមបណ្ដាផ្លូវថ្នល់សំខាន់ៗជាច្រើននៅទូទាំងក្រុង ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀងដែលតែងជនលិចផ្លូវថ្នល់ និងទីតាំងសំខាន់ៗជាច្រើនទៀតស្ទើគ្រប់ កន្លែងក្នុងក្រុងនារដូវវស្សា។
សកម្មភាពការកាយផ្លូវដាក់លូនៅក្នុងក្រុងកំពង់ឆ្នាំងខាងលើនេះ មានសកម្មភាពទាំងយប់ទាំងថ្ងៃ និងដោយមានការបែងចែកកម្លាំងកម្មករ និងក្រុមបច្ចេកទេសរួមទាំងគ្រឿងចក្រជាច្រើនគ្រឿងដាក់ពង្រាយធ្វើ សកម្មភាពតាមបណ្ដា ភូមិសាស្ត្រជាច្រើនក្នុងក្រុងកំពង់ឆ្នាំងទាំងមូល ដើម្បីសម្រុកធ្វើឲ្យទាន់នៅមុនរដូវវស្សាចូលមកដល់នេះបើតាមការបញ្ជាក់ពីក្រុមកម្មករ។ បើតាមការបញ្ជាក់ពីកម្មករនៅទីនោះ ការធ្វើប្រព័ន្ធលូនេះ គឺក្រុមហ៊ុនបានប្រើសម្ភារសំណង់ ទៅតាមលក្ខណៈបច្ចេកទេស និងធ្វើទៅតាមស្តង់ដាដែលធានាគុណភាពល្អ និងបានយូរអង្វែងទៀតផង។
លោក ឈួរ រិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ថា ការងារធ្វើប្រព័ន្ធលូនៅក្នុងក្រុងកំពង់ឆ្នាំងនេះ គឺជាអនុគម្រោង សាងសង់ប្រព័ន្ធលូ ទំនប់ការពារទឹកជំនន់ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹង ទន្លេសាបជំហានទី១ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអ ភិវឌ្ឍន៍អាស៊ី (ADB)។
លោកបានបញ្ជាក់ថា អនុវត្តការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ និងសំណង់។ អំពីវឌ្ឍនភាពគម្រោងគិតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ គឺសម្រេចលទ្ធផលបានប្រមាណជាង ៩៣ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះផងដែរ។
ទន្ទឹមនឹងនេះលោក ឈួរ រិទ្ធី បានសុំការយោគយល់ និងអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងបងប្អូនប្រជាពលរដ្ឋតាមលំនៅដ្ឋាន និងតាមបណ្ដាមន្ទីរអង្គភាពមួយចំនួនដែលការសាងសង់ប្រព័ន្ធលូនេះធ្វើឲ្យមានការប៉ះពាល់ ពិបាកក្នុងការចេញចូលយានយន្តគ្រប់ប្រភេទដែលបង្កឡើងដោយការជីកកកាយរៀបចំប្រព័ន្ធលូ ក៏សូមមេត្តាអធ្យាស្រ័យ និងយោគយល់ដោយក្តីអនុគ្រោះ៕