កូរ៉េខាងត្បូង អះអាងថា ទាហានកូរ៉េខាងជើងជាង ១០០០នាក់ បានស្លាប់ឬរងរបួស ក្នុងសង្រ្គាមរបស់រុស្ស៉ីជាមួយអ៊ុយក្រែន

Posted By: RoogRog Robot | 23-Dec-2024 07:37:25

2024-12-23 02:33pm

(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ យោធាកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១០០០នាក់ ត្រូវបានសម្លាប់ ឬក៏បានរងរបួស នៅក្នុងសង្រ្គាមរបស់រុស្ស៉ីជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

តួលេខថ្មីខាងលើ គឺបន្ទាប់ពីសប្តាហ៍មុន ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានរាយការណ៍ទៅកាន់សភាថា មានទាហានកូរ៉េខាងជើង យ៉ាងហោចណាស់១០០នាក់ បានបាត់បង់ជីវិត ចាប់តាំងពីចូលរួមជួយរុស្ស៉ីប្រយុទ្ធក្នុងសមរភូមិ ប្រឆាំងនឹងអ៊ុយក្រែន ក្នុងខែនេះ។ បើតាមការប៉ាន់ស្មានរបស់កូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពជាង១ម៉ឺននាក់ ដើម្បីទៅជួយពង្រឹងយោធារុស្ស៉ី ក្នុងនោះ​រួមមានទាំងនៅតំបន់ព្រំដែន Kursk ជាទីដែលកងកម្លាំងរបស់អ៊ុយក្រែន ដណ្តើមកាន់កាប់បានដីមួយផ្នែក កាលពីប៉ុន្មានខែមុន។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើង ក៏កំពុងរៀបចំចល័តកងទ័ព និងបញ្ជូនសម្ភារយោធាបន្ថែមទៀត ទៅកាន់រុស្ស៉ីផងដែរ។ ទីក្រុងសេអ៊ូល បានអះអាងថា សម្រាប់បរិក្ខារយោធា ដែលទីក្រុងព្យុងយ៉ាង បញ្ជូនឱ្យទីក្រុងមូស្គូ គឺរួមមានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ប្រភេទ ២៤០មីលីម៉ែត្រ ប្រព័ន្ធបាញ់កាំភ្លើងធំប្រភេទ ១៧០មីលីម៉ែត្រ និងដ្រូនវាយប្រហារអត្តឃាត ជាដើម។ យោធាកូរ៉េខាងត្បូង បានកត់សម្គាល់ថា កូរ៉េខាងជើង ហាក់មានគោលដៅចង់ធ្វើទំនើបកម្ម ​សមត្ថភាពធ្វើសង្រ្គាមធម្មតារបស់ខ្លួន តាមរយៈការដកស្រង់បទពិសោធជាក់ស្តែង ចេញពីសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...