ក្រសួងមុខងារសាធារណៈ ប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ខេត្តសៀមរាប

Posted By: RoogRog Robot | 23-Dec-2024 07:15:27

2024-12-23 02:09pm

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល។

ការប្រឡងប្រព្រឹត្តិទៅ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដោយជ្រើសរើសមន្ត្រីរាជការចំនួន៣៦នាក់ ខណៈមានបេក្ខជនសរុប៨០៩នាក់ បានដាក់ពាក្យប្រឡងនេះ។

ដូចសព្វមួយដង គណៈកម្មការមេប្រយោគ តែងតែរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងយ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។

បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ដោយមានជម្រើសផ្សេងៗ វិញ្ញាសាមួយនឹងត្រូវបានជ្រើសរើសដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលជាប្រធានគណៈកម្មការរៀបចំការប្រឡង ដើម្បីដាក់សម្រាប់ការប្រឡង មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។

សូមបញ្ជាក់ថា វិញ្ញាសាដែលតាក់តែងនោះ គឺមានចំនួន៣ រួមមាន៖ ១៖ វិញ្ញាសាជំនាញ/បច្ចេកទេស, ២៖ វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និង៣៖ វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។

ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ (ចំនួន ៤០នាក់), សហភាពសហព័ន្ធយុវជនកម្ពុជា (ចំនួន ១០នាក់), តំណាងសាកលវិទ្យាល័យ (ចំនួន ១០នាក់), តំណាងមហាជន (១០នាក់ក្នុងមួយមណ្ឌល), អ្នកសារព័ត៌មាន (១០ ស្ថាប័ន) និងយន្តការផ្ទៃក្នុង របស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...