(វ៉ាសូវី)៖ លោក Lech Walesa អតីតប្រធានាធិបតីប៉ូឡូញ និងជាមេដឹកនាំសហជីពរួបរួម ដែលបានដើរតួនាំមុខក្នុងការផ្តួលរំលំរបបកុម្មុយនិស្ត បានចុះហត្ថលេខាលើលិខិតមួយផ្ញើជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបង្ហាញពីអារម្មណ៍តក់ស្លុត ចំពោះជម្លោះពាក្យសម្តីរវាងរូបលោក ជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បានបង្ហោះលិខិតលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានហត្ថលេខា របស់អតីតអ្នកទោសនយោយបាយប៉ូឡូញចំនួន ៣៩នាក់ទៀតនៅលើនោះ។ តាមខ្លឹមសារនៃលិខិត <<យើងបានមើលការសន្ទនារបស់អ្នក (លោក ត្រាំ) ជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដោយភាពភ័យរន្ធត់ និងហួសចិត្ត។ យើងបានពិចារណាលើការរំពឹងទុករបស់អ្នក ដែលចង់ឱ្យអ៊ុយក្រែនបង្ហាញការគោរព និងដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក ដែលប្រើដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ការដឹងគុណគួរតែផ្តល់ឱ្យ ទាហានអ៊ុយក្រែនដ៏ក្លាហាន ដែលបានបង្ហូរឈាម ដើម្បីការពារតម្លៃនៃពិភពលោកសេរីទៅវិញទេ>>។
លិខិតដែលចុះហត្ថលេខាដោយ លោក Walesa បានប្រដូចបរិយាកាសអំឡុងកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីសប្តាហ៍មុន ទៅនឹងអ្វីដែលគេបានឃើញនៅក្នុងការសួរចម្លើយ ដោយទីភ្នាក់ងារសន្តិសុខ និងនៅក្នុងតុលាការកុម្មុយនិស្ត។ លិខិតដដែលនោះ ក៏បានអំពាវនាវផងដែរឱ្យសហរដ្ឋអាមេរិក បំពេញការធានាសន្តិសុខដែលបានផ្តល់ឱ្យអ៊ុយក្រែន ក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីការបែកបាក់នៃអតីតសហភាពសូវៀត។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំដែលត្រូវបានផ្សាយផ្ទាល់ផងនោះ លោក ត្រាំ បានចោទប្រកាន់លោក ហ្សេលេនស្គី ថាមិនកតញ្ញូចំពោះជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈការមិនបង្ហាញការមិនគោរពចំពោះប្រទេសរបស់លោក ហើយប្រថុយប្រថាននឹងសង្គ្រាមលោកលើកទី ៣។ លោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance ថែមទាំងបានរិះគន់ លោក ហ្សេលេនស្គី ហើយមន្ត្រីអាមេរិកម្នាក់និយាយថា ក្រោយមក មេដឹកនាំអ៊ុយក្រែនរូបនេះ ត្រូវបានគេប្រាប់ឱ្យចាកចេញពីកិច្ចប្រជុំទៀតផង៕