សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ដំណឹងដ៏រីករាយ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនអាកាសចរាណ៍តួកគី ​និងក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ជើងហោះហើរមក​ភ្នំពេញ និងសៀមរាបនៅឆ្នាំនេះ

Posted By: RoogRog Robot | 04-Mar-2025 14:51:14

2025-03-04 02:46pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ជាដំណឹងដ៏រីករាយ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រមហ៊ុន អាកាសចរណ៍ តួគីអ៊ែរឡាញ​ ​​នឹងភ្ជាប់ជើងហោះហើរមកកម្ពុជានៅចុងឆ្នាំ២០២៥​ ខណៈក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវជាតិ​ អន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល​ បានបន្តពង្រីក​ និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា​ ដែលជាលទ្ធផលថ្មីសម្រេចបាន គឺជើងហោះហើរ​ តួកីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៉ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ​ ជើងហោះហើរ​ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានជំរុញ​ និងពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។

សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។

ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦.២៤ លាននាក់ ​កើនឡើងប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើងកើនឡើង ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ​កើនឡើង ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

សម្តេចបវរធិបតីបន្ថែមថា ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។

ក្នុងឆ្នាំ២០២៤ កម្ពុជា បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។

ក្នុងឆ្នាំ២០២៥​ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូល​កម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស ​ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស ​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស ​មានការកើនឡើងប្រមាណជាង៦០ជើងក្នុងមួយសប្តាហ៍។

ក្នុងឆ្នាំ២០២៥នេះ កម្ពុជាក៏រំពឹងទុកផងដែរ នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគី) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) ទៅកាន់ខេត្តសៀមរាប។

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន​ ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ​ដោយឆ្នាំ២០១៩​ទទួលបាន​ ១១,០២៥លាននាក់​ និងឆ្នាំ២០២៤​ ទទួលបាន៦,២៤លាននាក់) ។

ជាមួយគ្នានេះ​ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត <<យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១>> របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល​៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...