(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៧ បាននិងកំពុងបោះជំហានទៅមុខរបស់ខ្លួនយ៉ាងស្វាហាប់ ដើម្បីការនាំប្រទេសកម្ពុជាឈានសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ បើទោះបីជាមានឧបសគ្គខ្លះបានព្យាយាមរារាំងដំណើរ។ នៅថ្ងៃទី៤ មីនា ឆ្នាំ២០២៥នេះ ដើម្បីនាំនាវាកម្ពុជាឈានសម្រេចគោលដៅ ដែលបានរៀបចំទុកក្នុងអនាគតខាងមុខសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីតម្រង់ទិសដៅឱ្យកាន់តែជាក់លាក់។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយលើបញ្ហានេះ…
រយៈពេល១៩ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលទទួលបន្ទុកដឹកនាំនាវាកម្ពុជា បានធ្វើដំណើរឆ្លងកាត់ព្យុះឧបសគ្គនានាជាច្រើនគួរឱ្យកត់សម្គាល់។ ប្រមាណមួយឆ្នាំ៧ខែរួចមកនេះ ទោះមានឧបសគ្គចង់បន្ទុចបង្អាក់ ឬចង់រារាំងមិនឱ្យការធ្វើដំណើរទៅមុខរបស់ជាតិ បានសម្រេចតាមចក្ខុវិស័យរបស់ខ្លួនយ៉ាងណាក្តី, នាវាដែលផ្ទុកមនុស្ស១៧លាននាក់ ក្រោម ការកាច់ចង្កូតរបស់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តដំណើរទៅមុខបានរលូនជាដដែល ខណៈចក្ខុវិស័យនាំប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ នឹងមកដល់ក្នុងរយៈពេល២៥ឆ្នាំខាងមុខនេះ។
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០២៥ ដោយផ្តោតលើ <<យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព>>។ ព្រឹត្តិការណ៏ដ៏សំខាន់នេះ មានគោលបំណងរៀបចំផែនការសម្រាប់អនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងស្ថានការណ៍ដែលទិដ្ឋភាពពិភពលោកកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ។ ដូចប្រសាសន៍របស់សម្តេចធិបតីក្នុងពិធីនាព្រឹកថ្ងៃអង្គារ៍ ទី៤ ខែមីនា ដែលបានបញ្ជាក់យ៉ាងនេះ៖ <<មតិយោបល់ ដែលបានមកពីការពិភាក្សាដេញដោលក្នុងថ្ងៃនេះ នឹងក្លាយជាធាតុចូលប្រកបដោយសារវន្ត និងគុណតម្លៃ ដែលសបញ្ជាក់ឱ្យឃើញពីការចូលរួមឈឺឆ្អាល, គិតគូរតម្រែតម្រង់ទិស ក្នុងការកំណត់ជោគវាសនារួមរបស់ប្រទេសជាតិ ក្នុងស្មារតីភាពជាម្ចាស់ការ និងសាមគ្គីភាពជាតិ>>។
រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៧ ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ បានដាក់ចេញ និងអនុវត្តកម្មវិធីរបស់ខ្លួន, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់ក្នុងនោះរួមមាន <<កម្មវិធីគោលនយោបាយអាទិភាព៦>> និង <<វិធានការគន្លឹះទាំង៥>> ដែលយន្តការទាំងនេះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
*ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាចក្ខុវិស័យនៃមហិច្ឆតាដ៏ធំធេង និងប្រកបដោយគោលដៅខ្ពង់ខ្ពស់។ រាជរដ្ឋាភិបាល ដែលហ៊ានដាក់គោលដៅ និងមហិច្ឆតាខ្ពស់បែបនេះ គឺដោយសារតែមានគ្រឹះរឹងមាំនៃសន្តិភាពនិងស្ថិរភាពនយោបាយប្រកបដោយសក្តានុពល ដែលអាចនាំនាវាកម្ពុជាធ្វើដំណើរឆ្លងកាត់រលកព្យុះតូចធំនានាទាំងឡាយបានដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួនបាន។
សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ បានគូសបញ្ជាក់ពីសុទិដ្ឋិនិយមរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៦.៥% ក្នុងរយៈពេលខ្លីដល់មធ្យម។ ទោះជាយ៉ាងនេះក្តី សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការរីកចម្រើនបែបនេះ ទៅមុខបានទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ នោះគឺមិនមែនតែរដ្ឋាភិបាលម្នាក់ឯងនោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការពិចារណាសំខាន់ៗចំនួនពីរ៖ ផលប៉ះពាល់ដ៏យូរអង្វែងនៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានធ្វើឱ្យការអភិវឌ្ឍន៍យឺតយ៉ាវ និងវិបត្តិសកលលោកចម្រុះដែលបង្ហាញទាំងបញ្ហាប្រឈម និងឱកាស៖ <<កម្ពុជាអាចសម្រេចបាន ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់ ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វីដែលខ្ញុំសង្ឃឹមថានឹងទទួលបានចេញពីលទ្ធផលនៃសន្និសីទថ្ងៃនេះផងដែរ>>។
រាជរដ្ឋាភិបាល ដើម្បីចក្ខុវិស័យនាំប្រទេសឈានសម្រេចជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ បានដាក់ចេញនូវ <<យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១>> ដែលផ្តោតលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព។ យុទ្ធសាស្ត្រនេះ ផ្តល់អាទិភាពលើវិស័យសំខាន់ៗចំនួនប្រាំគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ អាទិភាពទាំងនេះត្រូវបានបោះជាយុថ្កាចងភ្ជាប់ជាមួយនឹងការរក្សាសន្តិភាព ដើម្បីធ្វើជាគ្រឹះពង្រឹងមូលដ្ឋានពន្លឿនការអភិវឌ្ឍជាតិ ស្របតាមចក្ខុវិស័យរបស់ប្រទេសកម្ពុជា ដែលនឹងមកដល់រយៈពេល២៥ឆ្នាំខាងមុខនេះ។
សន្និសីទចក្ខុវិស័យ បានទន្ទឹមនឹងភាពប្រឈមហានិភ័យរបស់ពិភពលោក នៃភាពមិនប្រាកដប្រជាកើតមានកាន់តែច្រើនឡើងៗរួមមាន៖ ១. ការកើនឡើងនូវគោលនយោបាយគាំពារនិយម (Protectionism) និងសង្គ្រាមពាណិជ្ជកម្ម, ២. ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបន្ទុចបង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ, ៣. ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម, និង ៤. ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនឹងបង្កជាកម្មវិបាក ទាំងវិជ្ជមាននិងអវិជ្ជមាន ទាំងផ្ទាល់ និងប្រយោលដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។
*របត់នៃសេដ្ឋកិច្ចសកលក្នុងដំណាក់កាលធ្វើដំណើររបស់កម្ពុជា
ពេលវេលានៃសន្និសិទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ បានស្របគ្នាជាមួយនឹងសេដ្ឋកិច្ចពិភពលោកដែលស្ថិតក្នុងដំណើរវិវត្តន៍មិនទាន់មានភាពច្បាស់លាស់និងភាពខុសគ្នា។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងមានស្ថិរភាពក្នុងកម្រិត ៣.២% ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដោយអតិផរណារំពឹងថានឹងធ្លាក់ចុះមកត្រឹម ៤.២% និង ៣.៥% នៃឆ្នាំបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយមធ្យមភាគទាំងនេះ បិទបាំងភាពខុសគ្នាសំខាន់ៗនៅក្នុងតំបន់។ កំណើននៅអាស៊ីខាងត្បូង បានកើនដល់ ៦.៤% ក្នុងឆ្នាំ២០២៤ និងស្ថិតត្រឹម ៦.២% ដោយការរក្សាតំបន់នេះឱ្យស្ថិតក្នុងការរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។ ចំណែកការអភិវឌ្ឍនៅអាស៊ីខាងត្បូង ក៏ត្រូវបានគេធ្វើបច្ចុប្បន្នភាពសាជាថ្មី និងបានព្យាករណ៍ពីការកើនឡើង និងកំណើនត្រូវបានគេរំពឹងថានឹងនៅតែរឹងមាំ ក្នុងអត្រា ៦.២% ក្នុងមួយឆ្នាំសម្រាប់រយៈពេលពីរឆ្នាំបន្តបន្ទាប់ គឺឆ្នាំ២០២៥ និងឆ្នាំ២០២៦។
ទោះជាយ៉ាងណាក៏ដោយ កត្តាជាច្រើននៅបន្តរួមចំណែកដល់ទស្សនៈវិស័យមិនច្បាស់លាស់នេះ នោះគឺដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម ដោយសារតែការកើនឡើងនូវលទ្ធិគាំពារនិយម និងជម្លោះពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងប្រទេសសេដ្ឋកិច្ចធំៗដូចជាសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាកត្តាបារម្ភការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការកើនឡើងនៃការប្រែប្រួលទីផ្សារ។
ក្តីបារម្ភទាំងនោះ នៅមិនទាន់រាប់ចូលពីកត្តាបម្រែបម្រូលអាកាសធាតុ ដែលបង្កហានិភ័យយ៉ាងសំខាន់ដល់ផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង ជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានលើទីផ្សារពិភពលោក និងកត្តាជម្លោះភូមិសាស្ត្រនយោបាយ ដែលកំពុងបង្កនូវភាពតានតឹង និងកំពុងបន្តធ្វើឱ្យទំនាក់ទំនងអន្តរជាតិកាន់តែមានភាពស្រួចស្រាល ដែលជាការបង្កើននូវស្រទាប់ស្មុគស្មាញថែមទៀតដល់អន្តរកម្មសេដ្ឋកិច្ចពិភពលោកនោះផងទេ។
*សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០២៥ គឺជាយុទ្ធសាស្ត្រស្វែងរកការបំបែកឧបសគ្គដែលរាំងស្ទះ
សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ គឺជាសន្និសីទតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តដើម្បីសម្របគោលដៅអភិវឌ្ឍន៍ជាតិ ជាមួយនឹងការពិតនៃបរិយាកាសសកលដ៏ស្មុគស្មាញមួយ។ ប៉ុន្តែកម្ពុជា ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៃកត្តាសន្តិភាព និងស្ថិរភាពនយោបាយ រយៈពេល២៦ឆ្នាំរួចមកនេះ ភាពប្តេជ្ញាចិត្តនៃការធ្វើឱ្យសម្រេចគោលដៅតាមចក្ខុវិស័យរបស់ខ្លួន នឹងមិនអាចឱ្យភាពស្មុគស្មាញទាំងនោះ រារាំងដំណើរជាតិបានឡើយ ប៉ុន្តែកម្ពុជាត្រូវងយល់ទុកជាមុនក្នុងការដឹងថា តើឧបសគ្គនោះមានអ្វីខ្លះ និងអ្វីជាដំណោះស្រាយ?
សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ នឹងរំពឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការរៀបចំគន្លងសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខ្លួននៅក្នុងបរិយាកាសពិភពលោកដែលកាន់តែស្មុគស្មាញទៅនេះ ជាពិសេសការរងឥទ្ធិពលពីវិបត្តិ សេដ្ឋកិច្ចនយោបាយរបស់សកលលោក។ អត្ថប្រយោជន៍សំខាន់ៗបំផុត ដែលកម្ពុជាត្រូវការ ដើម្បីបំបែកឧបសគ្គរាំងស្ទះនោះរួមមាន៖ ការកំណត់ផ្លូវអភិវឌ្ឍន៍ច្បាស់លាស់, ការពង្រឹងភាពធន់នឹងសេដ្ឋកិច្ច, ភាពទាក់ទាញការវិនិយោគ, ការលើកកម្ពស់ប្រសិទ្ធភាព និងការអនុវត្តគោលនយោបាយ, ការរៀបចំសម្រាប់ការចាកចេញកម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩, ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម, ការលើកកម្ពស់សមាហរណកម្មតំបន់និងសកល, ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងរួមបញ្ចូលនិងការពង្រឹងឯកភាពជាតិ និងភាពជាម្ចាស់គោលនយោបាយ។
សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់កំណត់អនាគតសេដ្ឋកិច្ចរបស់កម្ពុជា។ តាមរយៈការដោះស្រាយអាទិភាពគោលនយោបាយយុទ្ធសាស្ត្រវិនិយោគ ការអភិវឌ្ឍកម្លាំងពលកម្ម និងភាពធន់នៃសេដ្ឋកិច្ច, សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ នឹងធ្វើឱ្យកម្ពុជា កាន់ស្វែងយល់ច្បាស់លាស់ថែមទៀត នូវអ្វីដែលជាកត្តាប្រឈមទាំងកត្តាក្នុងស្រុក និងជាសាកល ដើម្បីជួយបន្តដឹកនាំនាវាកម្ពុជា ធ្វើដំណើរទៅមុខសម្រេចឱ្យបាននូវកំណើនប្រកបដោយចីរភាពនៅលើផ្លូវឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០៕