(ភ្នំពេញ)៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែង នៅរាជធានីភ្នំពេញ។
ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំខាងមុខនេះ។
ការស្នើបែបនេះរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ខណៈលោកចូលជួួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានលើកឡើងថា៖ <<ឥណ្ឌា និងកម្ពុជា បានមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ, ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។ បន្ថែមពីនេះ ឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួន នៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ>>។
លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបន្តថា តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជា និងឥណ្ឌានេះ យើងក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយយើងនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀត។
លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបញ្ជាក់ថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង ៥,០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅ និងរកស៊ីនៅរាជធានីភ្នំពេញ។ លោកពិតជាថ្លែង នូវការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌា ដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានលើកឡើងពីការកកើតរាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនា ធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ ដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់ ធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានី បាននិងកំពុងដោះស្រាយ។
ជុំវិញការស្នើសុំរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង ជុំវិញការធ្វើទិវាម្ហូបអាហារនៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឯកភាពជាមួយនឹងការអនុញ្ញាតឱ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញ មានផ្លូវថ្មើរជើង Walk Street នៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំពិធីម្ហូបអាហារខាងលើ ដំណើរការទៅបានស្រួល។
លោកបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street បានធ្វើឱ្ុកំណើនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរកើនឡើង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ ទៅ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ។
លោកសង្ឃឹមថា នៅពេលស្ថានទូតរៀបចំឱ្យមានការទិវាម្ហូបអាហារនៅទីតាំងនេះ វានឹងធ្វើឱ្យកំណើនភ្ញៀវទេសចរកើនឡើងថែមទៀត៕