(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ប្រព្រឹត្តទៅនៅក្រោមមូលបទ <<ពន្លឿនការតភ្ជាប់របស់អាស៊ាន៖ ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម>> កិច្ចប្រជុំកំពូលធុរកិច្ចនេះ រំពឹងថានឹងផ្តល់នូវវេទិកាដ៏មានសារៈសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនការតភ្ជាប់ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ាន។
ក្រៅអំពីការចូលរួមកិច្ចប្រជុំកំពូលនេះហើយ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ពីថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៥អគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមក្នុងសកម្មភាពដ៏សំខាន់ៗផ្សេងទៀត រួមទាំងជួបទ្វេភាគីជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា ទស្សនានៅមជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងមានជំនួបពិភាក្សាតុមូលជាមួយ ក្លិបអ្នកកាសែតកម្ពុជា ក្រោមមូលបទ <<ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ ទស្សនៈរបស់អគ្គលេខាធិការអាស៊ាន>> ផងដែរ។
ទស្សនកិច្ចលើកនេះ គូសបញ្ជាក់ពីការបន្តគាំទ្រ និងការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដល់ការពង្រឹងកិច្ចសហការឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញបន្ថែមនូវការប្តេជ្ញាចិត្តរបស់ខ្លួន ទៅដល់ការបង្កើនកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់៕