ក្រុមហ៊ុន ហ្គ្រីនអាលែន អះអាងថា ខ្លួនមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនខេមបូឌា បាណាណា CBA នៅស្រុកអូរគ្រៀងសែនជ័យ ដែលបាញ់សម្លាប់សត្វពាហនៈពលរដ្ឋទេ

Posted By: RoogRog Robot | 04-Mar-2025 13:43:29

2025-03-04 08:38pm

(ក្រចេះ)៖ ក្រុមហ៊ុន ហ្គ្រីនអាលែន អេហ្គ្រីខនឆឺលែ ឌើវឡុបម៉ិន បានចេញមកអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺ ហៅកាត់ថា CBA ដែលមានបុគ្គលិកប្រើកាំភ្លើងខុសច្បាប់បាញ់សម្លាប់សត្វពាហនៈប្រជាពលរដ្ឋ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះនោះឡើយ។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ហ្គ្រីនអាលែន អេហ្គ្រីខនឆឺលែ ឌើវឡុបម៉ិន ក្រៅពីមិនជាប់ពាក់ព័ន្ធហើយនោះ គឺថែមទាំងទទួលរងគ្រោះដោយសារក្រុមហ៊ុន CBA ទន្ទ្រានចូលដីសម្បទានកសិកម្មរបស់ខ្លួនថែមទៀតផង។

ក្រុមហ៊ុន ហ្គ្រីនអាលែន អេហ្គ្រីខនឆឺលែ ឌើវឡុបម៉ិន បានបន្ថែមទៀតថា បច្ចុប្បន្នខ្លួនកំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងជាក់ស្ដែងលើដីសម្បទាននោះវិញផងដែរ។

សូមរំលឹកថា ប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានការព្រួយបារម្ភខ្លាំង ដោយសារតែក្រុមជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុនចំការចេក <<ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA)>> ប្រើរថយន្ត និងកាំភ្លើងដើរធ្វើសកម្មភាពរបាញ់សត្វគោ ក្របីរបស់ពួកគាត់ងាប់ និងរបួសច្រើនករណី។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមជនជាតិចិនមួយ ប្រើប្រាស់រថយន្ត Pick up ពណ៌សមួយគ្រឿង ប្រដាប់ដោយអាវុធ ដើរគៀងគោក្របីរបស់ប្រជាពលរដ្ឋបាញ់ សម្លាប់ជាបន្តបន្ទាប់ ហើយលើកដាក់ត្រាក់ទ័រយកចូលទៅក្នុងបរិវេណ ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA) ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ, ប្រសិនបើករណីដែលគោក្របីរបស់ពួកគាត់ ចូលទៅស៊ីដែលធ្វើឲ្យប៉ះពាល់នៅក្នុងដីក្រុមហ៊ុននោះគួរណាតែចាប់ទុក ហើយហៅម្ចាស់ទៅធ្វើការផាកពិន័យបង់លុយតាមការខូចខាត មិនគួរដើរគៀងសត្វគោក្របីរបស់ពួកគាត់ ដែលលេងឲ្យស៊ីស្មៅនៅតាមព្រៃនោះទេ។

សកម្មភាពរបស់ជនជាតិចិន នៅក្នុងក្រុមហ៊ុនមួយនេះ តែងតែបើករថយន្ត Pick up ហើយប្រើប្រាស់កាំភ្លើងដើរបាញ់សត្វគោក្របីរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកណាហ៊ានប្ដឹង៕









News Source: freshnewsasia.com
LATEST NEWS
ព័ត៌មានពេលរាត្រី៖ ៤ មីនា ២០២៥
លោក កឹម សុខា «រងសម្ពាធផ្លូវចិត្ត»
MORE NEWS CLICK HERE...