រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់៖ យុទ្ធសាស្ត្រ​របស់លោក ត្រាំ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន មិន​ទំនង​ជា​នាំ​សន្តិភាព​ដល់​អ៊ុយក្រែន​ទេ

Posted By: RoogRog Robot | 04-Mar-2025 12:23:01

2025-03-04 07:19pm

(ឡុងដ៍)៖ រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់ លោកស្រី Elina Valtonen បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ ​ចំពោះ​លទ្ធភាព​ដែល​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​ របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ អាច​នឹង​នាំ​មក​នូវ​សន្តិភាព​ពិតប្រាកដ​ដល់​ប្រទេស​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។

ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ឯ​វិទ្យាស្ថាន Chatham House ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​អង្គារនេះ លោកស្រី​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​មួយ​ចំនួន ​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក ត្រាំ ក្នុង​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ប្រតិបត្តិការ​វាយលុក​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​រុស្ស៊ី ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ចរចា​សន្តិភាព។

លោកស្រី Valtonen បាន​ពន្យល់​ថា យុទ្ធសាស្ត្រ​ផ្អាក​ប្រតិបត្តិការ​នេះ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​របស់​សេតវិមាន ​ក្នុង​ការ​សាកល្បង​មើល​ថា ​តើ​ការ​បន្ធូរបន្ថយ​សម្ពាធ​លើ​រុស្ស៊ី រួម​ជាមួយ​នឹង​ការ​ដាក់​សម្ពាធ​ខ្លះ​លើ​អ៊ុយក្រែន អាច​នឹង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ​បាន​ឬ​អត់។ ទោះ​ជា​យ៉ាង​ណា លោកស្រី​បាន​សង្កត់​ធ្ងន់​ថា តាម​ទស្សនៈ​របស់​លោកស្រី​ផ្ទាល់ វិធីសាស្ត្រ​ដែល​ត្រឹមត្រូវ​គួរតែ​មាន​លក្ខណៈ​ផ្ទុយ​ពី​នេះ ហើយ​លោកស្រី​មាន​ជំនឿ​ថា លោក ត្រាំ និង​ក្រុម​ការងារ​របស់​លោក​ នឹង​ដឹង​នៅ​ទីបំផុត​ថា យុទ្ធសាស្ត្រ​នេះ​ប្រហែលជា​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។

គួរបញ្ជាក់ថា ការ​ថ្លែង​របស់រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់រូបនេះ ធ្វើឡើងបន្ទាប់​ពី​លោក ត្រាំ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នូវ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ចំពោះ​អ៊ុយក្រែន និង​រុស្ស៊ី ដោយ​ចាប់ផ្តើម​បើក​កិច្ច​ចរចា​ជាមួយ​ទីក្រុង​ម៉ូស្គូ​ភ្លាមៗ​បន្ទាប់​ពី​ចូល​កាន់​តំណែង​កាលពី​ខែ​មករា។ ការ​ផ្លាស់​ប្តូរ​ជំហរ​ភ្លាមៗ​នេះ​បាន​នាំ​ឲ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​ក្នុង​ជំនួប​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នៅ​សេតវិមាន​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។ ប្រភព​ព័ត៌មាន​ដែល​បាន​ដកស្រង់​សម្ដី​មន្ត្រី​អាមេរិក​មួយ​រូប​បាន​ឲ្យ​ដឹង​ថា លោក ត្រាំ បាន​សម្រេច​ផ្អាក​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ជា​បណ្ដោះអាសន្ន​បន្ទាប់​ពី​ជំនួប​ដ៏​ចម្រូងចម្រាស​នោះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...