(ព្រះវិហារ)៖ ក្រុមហ៊ុនកម្ពុ ណាត់ អាហ្គ្រោប្រូដាក់ ឯ.ក និងបណ្តាញសហគមន៍កសិម្មស្វាយចន្ទីរព្រះវិហារសាមគ្គី ចំនួន១៣ ក្នុងខេត្តព្រះវិហារ បានរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្ម ផ្គត់ផ្គងគ្រាប់ស្វាយចន្ទីប្រភេទ (M23 )ប្រមាណ១៥០០តោន។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានុមន្ទីរ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនកម្ពុ ណាត់អាហ្រ្គោ ឯ.ក ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសហគមន៍ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានថ្លែងអំណរគុណក្រុមហ៊ុនកម្ពុ ណាត់អាហ្រ្គោ ឯ.ក ដែលបានចុះកិច្ចសន្យាផលិតកម្ម កសិកម្ម ទិញ លក់ គ្រាប់ស្វាយចន្ទីស្រស់ប្រភេទ (M23) លើបរិមាណប្រមាណ១៥០០តោន ពីបណ្តាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គីនាពេលនេះ ជាមួយនឹងរៀបចំផែនការចុះប្រមូលទិញជាក់ស្តែង ចាប់ពីចុងសប្តាហ៍ទី២ នៃខែមីនាតទៅ។
លោក ពឹង ទ្រីដា បានបន្តថា ខេត្តព្រះវិហារ គឺជាខេត្តមួយដែលទទួលបានភាពជោគជ័យនូវការអនុវត្តកសិកម្មតាមកិច្ចសន្យា រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន។លោកបញ្ជាក់ថា៖ការអនុវត្តកសិកម្មតាមកិច្ចសន្យា បានដើរតួនាទីនិងដោះស្រាយបញ្ហាសំខាន់ ក្នុងសហគមន៍កសិកម្មយ៉ាងច្រើនដូចជា៖
*ជួយឱ្យសមាជិកសហគមន៍ដែលជាអ្នកផលិតមានទីផ្សារច្បាស់លាស់ មុននឹងសម្រេចចិត្តដាំ*កសិករមានកម្លាំងក្នុងការចរចារជាមួយដៃគូរឯកជន និងមានតម្លាភាព*រក្សាលំនឹងទីផ្សារផលិតផលកសិកម្ម ទាំងតម្លៃនិងគុណភាព*អាចកាត់បន្ថយការចំណាយរបស់កសិករទៅកាន់ឈ្មួញកណ្តាល*ទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកទេសកសិកម្ម ដែលផ្តល់ដោយស្ថាប័នពាក់ព័ន្ធ*អាចចូលរួមកាត់បន្ថយចំណាកស្រុកបានមួយចំណែក*ទទួលបានធនធានក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់នៅហ្នឹងកន្លែងផ្ទាល់។
ជាមួយគ្នានេះ លោក ពឹង ទ្រីដា ក៏បានសំណូមពរក្រុមហ៊ុនកម្ពុ ណាត់អាហ្រ្គោ ឯ.ក ក៏ដូចជាអ្នកពាក់ព័ន្ធនិងអង្គការដៃគូនានា សូមបន្តនូវប្រពៃណីនិងការជំរុញការទិញចន្ទី ក៏ដូចជាដំណាំកសិកម្មផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ដំណាំស្វាយចន្ទីជាដំណាំសំខាន់ទី៣ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី គិតមកដល់ឆ្នាំ២០២៥នេះ ខេត្តព្រះវិហារ មានផ្ទៃដីដាំដុះជាង ៣១,៨៦២ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ២៨,៩៦៥ហិកតា ទិន្នផលជាមធ្យម១.៥តោន ក្នុងមួយហិកតា។ នៅឆ្នាំ២០២៤ ចំណូលរបស់កសិករបានពីការលក់គ្រាប់ស្វាយចន្ទីជាង ១៩៥ពាន់លានរៀល ដែលស្មើនិងជាង ៤៨លានដុល្លារ៕