ជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ពការពារព្រំដែន និងចំណុះសឹករងខេត្តកណ្ដាល, អភិបាលខេត្តណែនាំឲ្យរើសអ្នកមូលដ្ឋានជាប់ព្រំដែន រើសឲ្យត្រូវតាមគោលការណ៍ មានបេះដូងស្នេហាជាតិ និងមានប្រវត្តិរូបល្អ

Posted By: RoogRog Robot | 04-Mar-2025 15:09:00

2025-03-04 03:03pm

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំគណៈកម្មការដែលជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ពការពារព្រំដែន និងចំណុះសឹករងខេត្តកណ្ដាល ត្រូវជ្រើសរើសយកយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ការពារព្រំដែន និងចំណុះសឹករងខេត្តជាអ្នកមូលដ្ឋាននៅជាប់ព្រំដែន ហើយណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវសម្រួលផ្តល់ឯកសារគ្រប់ទម្រង់ដល់យុវជឲ្យបានលឿន រហ័ស ទាន់ពេលវេលា ជាក់លាក់តាមច្រកចេញចូលតែមួយ ពិសេសមើលទៅសាវតារយុវជននោះត្រូវតែជាខ្មែរសុទ្ធ និងជាអ្នកមានបេះដូងស្នេហាជាតិពិតប្រាកដ ប្រវត្តិរូបល្អជាដើម។

អភិបាលខេត្តជំរុញបែបនេះ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោកនៅតំបន់ប្រតិបត្តិការសឹករងកណ្តាល នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមដោយលោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរងនាយសេនាធិការ តំណាងឱ្យយោធភូមិភាគពិសេស, លោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរងយោធភូមិភាគពិសេស, លោកឧត្តមសេនីយ៍ទោ ទី សេរីវុឌ្ឍ មេបញ្ជាការរងយោធភូមិភាគពិសេស, លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល, លោក ណុប ដារ៉ា អភិបាលរងខេត្ត, តំណាងប្រធានសាលាដំបូងខេត្ត, តំណាងព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រួមទាំងរដ្ឋបាលក្រុង-ស្រុកទាំង១៣ដែលពាក់ព័ន្ធប្រមាណ៦០នាក់។

លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ បានថ្លែងថា គោលបំណងប្រជុំផ្សព្វផ្សាយការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេស នៃកងទ័ពជើងគោកនាពេលនេះ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក និងផ្តល់ឱកាសដល់យុវជនចូលបម្រើជាតិមាតុភូមិ។

លោកអភិបាលខេត្ត គួច ចំរើន បានថ្លែងថា ដើម្បីការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌឱ្យយោធភូមភាគពិសេសនេះមានតម្លាភាព និងសុក្រិត្យភាព ស្របតាមអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា <<រើសឲ្យត្រូវថែឲ្យនៅ>> គ្រប់តួអង្គពាក់ព័ន្ធត្រូវ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីប្រៀបការពារជាតិរបស់យើងបានរឹងមាំ។

លោកបន្តថា <<បើយើងរើសអ្នកនៅមូលដ្ឋានជាប់ព្រុំដែនតែម្ដងទៅទើបងាយស្រួលជាងអ្នកនៅឆ្ងាយ ព្រោះអ្នកនៅមូលដ្ឋានពីតូចមក ស្គាល់ភូមិសាស្ត្រស្រុកខ្លួនច្បាស់ ហើយនៅជិតព្រុំដែនផង ងាយស្រួលប្រតិកម្មរហ័សបើមានតម្រូវការណាមួយ ពិសេសគឺអ្នកស្រុកលើកដែក អ្នកក្រុងសំពៅពូន អ្នកស្រុកកោះធំ ដូច្នេះអភិបាលក្រុង-ស្រុកទាំង៣ពិនិត្យមើលឲ្យមែនទែនទៅលើឥរិយាបថរបស់បុគ្គលស្ម័គ្រចិត្តបម្រើកងទ័ពហ្នឹង ប្រវត្តិទាល់តែល្អ កូនខ្មែរសុទ្ធ គ្មានប្រវត្តិជាប់ពន្ធនាគារ គ្មានសារធាតុញៀន មានកាយសម្បទារឹងមាំ កម្ពស់តាមស្តង់ដា និយាយជារួម គឺស្របតាមស្តង់ដាជ្រើសរើសទ័ព ដើម្បីរើសយកកងទ័ពខ្លាំងការពារមាតុភូមិឲ្យរឹងមាំ>>។

សូមជម្រាបជូនថា តាមគោលការណ៍ណែនាំរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទ័ពជើងគោក បេក្ខជនដែលមានទីលំនៅបច្ចុប្បន្នក្នុងភូមិសាស្រ្តខេត្តចំណុះយោធភូមិភាគអាចទទួលពាក្យ និងដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌកងទ័ពជើងគោកក្នុងទីតាំងជ្រើសរើសនៃភូមិសាស្រ្តយោធភូមិភាគនោះ។

សូមជម្រាបថា កិច្ចប្រជុំផ្សព្វផ្សាយការងារនេះ រួមមាន៖

ការបង្កើតអនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌយោធភូមិភាគពិសេស និងសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក។

* សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការជ្រើសរើសពលទាហានថ្មី * សេចក្តីប្រកាសរបស់ក្រសួងការពារជាតិក្នុងការជ្រើសរើសពលទាហានថ្មី បំពេញក្របខ័ណ្ឌឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក* សេចក្តីសម្រេចរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទស្តីពីការជ្រើសរើសពលទាហានថ្មី * សេចក្តីសម្រេចរបស់កងទ័ពជើងគោកស្តីពីការជ្រើសរើសពលទាហានថ្មី និងសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ភាពមិនប្រក្រតីក្នុងដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញកបខ័ណ្ឌឱ្យកងទ័ពជើងគោក៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...