និយ័តករបរធនបាលកិច្ច រៀបចំសិក្ខាសាលា ដើម្បីជំរុញការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

Posted By: RoogRog Robot | 04-Mar-2025 11:26:37

2025-03-04 06:20pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្ដីពី <<ការផ្គូផ្គងធុរកិច្ចតាមរយៈយន្តការបរធនបាលកិច្ចនៅកម្ពុជា>> ដោយមានការចូលរួមសហការរៀបចំជាមួយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) និងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្រោមអធិបតីភាពរបស់ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

កម្មវិធីនេះត្រូវបានធ្វើឡើង ដើម្បីជំរុញការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា តាមរយៈយន្តការបរធនបាលកិច្ច ដែលអនុញ្ញាតឲ្យវិនិយោគិន ជាពិសេសវិនិយោគិនបរទេស អាចប្រើប្រាស់កម្មវិធីថ្នាលផ្គូផ្គង ដែលជាថ្នាលតភ្ជាប់ ឬច្រកដ៏មានសុវត្ថិភាព និងមានប្រសិទ្ធភាព ដោយអាចស្វែងរកអចលនទ្រព្យ ដែលមានសក្តានុពល មានមូលដ្ឋានព័ត៌មានច្បាស់លាស់ តាមរយៈអ្នកជំនាញការមានវិជ្ជាជីវៈខ្ពស់ក្នុងវិស័យ មានអាជ្ញាបណ្ណស្របច្បាប់ រហូតដល់ឈានទៅធ្វើការវិនិយោគ ដោយបង្កើតជាបរធនបាលកិច្ច អនុលោមតាមច្បាប់ និងគាំពារដោយច្បាប់ជាធរមាន រួមទាំងការវិនិយោគតាមរយៈយន្តការបរធនបាលកិច្ចមូលនិធិភាគហ៊ុនិកផងដែរ។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញដោយ លោក សន សៀប ប្រធាន ស.វ.អ.ក និងឧកញ៉ា ប៉ិច បូឡែន អគ្គនាយក នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌីផងដែរ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិបត្តិករផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងតំណាងសមាគមធុរកិច្ច និងសភាពាណិជ្ជកម្មបរទេសជាច្រើននៅកម្ពុជា ដូចជា សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជា ជាដើម៕
































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...