អនុប្រធានាធិបតីអាមេរិកជឿថា នៅទីបំផុត លោក ហ្សេលេនស្គី នឹងព្រមចរចារកសន្តិភាពជាមួយរុស្ស៉ី ហើយថាសង្រ្គាមមិនអាចបន្តរហូតឡើយ

Posted By: RoogRog Robot | 04-Mar-2025 14:51:14

2025-03-04 02:49pm

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៣ ខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបង្ហាញភាពជឿជាក់ថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅចុងបញ្ចប់គង់តែនឹងយល់ព្រមជជែករឿងសន្តិភាព ជាមួយរុស្ស៉ីមិនខាន ក្រោយទាស់សម្តីជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក Vance បាននិយាយថា លោកប្រធានាធិបតីអ៊ុយក្រែន បានស្តែងឱ្យឃើញភាពខ្វះការគោរព អំឡុងជំនួបនៅសេតវិមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយលោក ត្រាំ ហើយបានបង្ហាញពីភាពគ្មានឆន្ទៈយ៉ាងច្បាស់ ដើម្បីចូលរួមក្នុងដំណើរការរកសន្តិភាព ដែលព្យាយាមផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក។ បើតាមលោក Vance គឺលោក ហ្សេលេនស្គី មិនទាន់ត្រៀមលក្ខណៈ​រួចរាល់នៅឡើយទេ ប៉ុន្តែលោកយល់ថា លោក ហ្សេលេនស្គី នៅទីបំផុតនឹងយល់ព្រមទទួលយកការចរចា ព្រោះវាជារឿងចាំបាច់។

លោក Vance បានបន្តថា ទ្វារសេតវិមាននៅតែបើកចំហជានិច្ច ដរាបណា លោក ហ្សេលេនស្គី មានឆន្ទៈជជែកឱ្យប្រាកដប្រជា​អំពីសន្តិភាព ហើយលោកបាននិយាយថា វាជារឿងសំខាន់បំផុត ដែលលោក ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវចរចាគ្នាដើម្បីបញ្ចប់ជម្លោះ។

ជាចុងក្រោយ លោកអនុប្រធានាធិបតីអាមេរិក ក៏បានរិះគន់ក្រុមប្រទេសអឺរ៉ុប ដែលកំពុងបន្តគាំទ្រទីក្រុងកៀវផងដែរ ដោយលោក​អំពាវនាវឱ្យពួកគេ ប្រកាន់ជំហរប្រាកដនិយម ហើយបានសង្កត់ធ្ងន់ថា សង្រ្គាមមិនអាចបន្តរហូតនោះឡើយ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...