អេហ្ស៉ីប និង EU ចុះព្រមព្រៀងជំរុញសន្តិសុខស្បៀង ក្នុងទំហំទឹកប្រាក់ ៩៣.៩លានដុល្លារ

Posted By: RoogRog Robot | 04-Mar-2025 15:20:29

2025-03-04 03:17pm

(គែរ)៖ ក្រសួងទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អេហ្ស៉ីប បានឱ្យដឹងថា អេហ្ស៉ីប និងគណៈកម្មការអឺរ៉ុប បានចុះកិច្ចព្រមព្រៀងផ្តល់មូនិធិ ៩០លានអឺរ៉ូ ឬ ៩៣.៩លានដុល្លារ ដើម្បីបង្កើនសន្តិសុខស្បៀង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។

មូលនិធិ ដែលផ្តល់ដោយធនាគារវិនិយោគអឺរ៉ុប (EIB) មានបំណងធ្វើឱ្យប្រសើរឡើងនូវឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អេហ្ស៉ីប។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងភាពធន់នឹងស្បៀងអាហារ កាន់តែទូលំទូលាយជាងមុន គាំទ្រដោយសហភាពអឺរ៉ុប (EU) និងធនាគារពិភពលោក ជាមួយនិងជំនួយបន្ថែម និងហិរញ្ញប្បទានសរុបចំនួន ២១០លានអឺរ៉ូ ឬ ២១៩.៣លានដុល្លារ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យ អាជ្ញាធរទទួលបន្ទុកផ្គត់ផ្គង់ទំនិញ (GASC) បង្កើនសមត្ថភាពនាំចូល និងស្តុកស្រូវសាលីកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា អេហ្ស៉ីប គឺជាប្រទេសនាំចូលស្រូវសាលីលំដាប់កំពូលរបស់ពិភពលោក ដោយសារគ្រាប់ធញ្ញជាតិ ត្រូវបានប្រើប្រាស់ជាចម្បង ដើម្បីផលិតនំបុ័ងយកទៅឧបត្ថម្ភដល់ប្រជាជនអេហ្ស៉ីប រាប់សិបលាននាក់។ នេះជាលើកទីពីរហើយនៅឆ្នាំនេះ ដែល GASC ទទួលបានហិរញ្ញប្បទាន ដើម្បីនាំចូលស្រូវសាលី៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...