(ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឈានចូលសាកលវិទ្យាល័យកូបេ នៅប្រទេសជប៉ុន កាលពី៥០ឆ្នាំមុន លោកបានរួមចំណែកយ៉ាងធំធេង ក្នុងការកសាងស្ពានមេត្រីភាពរវាងជប៉ុន និងកម្ពុជា។
ការលើកឡើងដូច្នេះរបស់លោកឯកអគ្គរាជទូតជប៉ុន ធ្វើឡើងក្នុងឱកាសស្ថានទូតជប៉ុនរៀបចំកម្មវិធីបាឋកថាដោយលោកបណ្ឌិត ម៉ី កល្យាណ ក្នុងឱកាសគម្រប់ខួប៥០ឆ្នាំ នៃការសិក្សារបស់លោកនៅប្រទេសជប៉ុន។
ឯកអគ្គរាជទូតជប៉ុនបានបង្ហាញនូវការជឿជាក់ថា ដំណើរក្នុងការកសាងស្ពានមេត្រីភាពមួយនេះ ពិតជាជួបការលំបាកមិនតិចទេ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបណ្ឌិត ម៉ី កល្បាណ ដែលបានយកឈ្នះនូវរាល់ឧបសគ្គនានាឈានមកដល់ចំណុចជោគជ័យនាថ្ងៃនេះ។
ឯកអគ្គរាជទូតជប៉ុនរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ <<ចាប់តាំងពីឯកឧត្តម [ម៉ី កល្យាណ] បានឈានចូលសាកលវិទ្យាល័យកូបេ នៅប្រទេសជប៉ុន កាលពី៥០ឆ្នាំមុន ឯកឧត្តមបានរួមចំណែកយ៉ាងធំធេង ក្នុងការកសាងស្ពានមេត្រីភាពរវាងជប៉ុន និងកម្ពុជា។ ខ្ញុំជឿជាក់ថា ដំណើរក្នុងការកសាងស្ពានមេត្រីភាពមួយនេះ ពិតជាជួបការលំបាកមិនតិចទេ ហើយពួកយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ដែលបានយកឈ្នះនូវរាល់ឧបសគ្គនានា ដែលឯកឧត្តមបានជួបប្រទះ ដើម្បីឈានមកដល់ចំណុចជោគជ័យនាថ្ងៃនេះ>>។
លោកបានបន្ថែមថា ការខិតខំប្រឹងប្រែង និងចំណង់ចំណូលចិត្តរបស់លោកបណ្ឌិត ម៉ី កល្បាណ បានធ្វើឱ្យលោកបណ្ឌិតក្លាយជាបុគ្គលគំរូដ៏មានតម្លៃម្នាក់ សម្រាប់សិស្សនិស្សិតអន្តរជាតិជាច្រើន ហើយលោកបណ្ឌិតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងការយល់ដឹងរបស់កម្ពុជា អំពីប្រទេសជប៉ុនឱ្យកាន់តែស៊ីជម្រៅ។ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា នៅតែបន្តពង្រឹង ហើយការខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត បានរួមចំណែកយ៉ាងសំខាន់ដែលនាំឱ្យវាមានរូបរាងឡើង។
ទន្ទឹមនឹងនេះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា បទពិសោធន៍ និងគតិបណ្ឌិតរបស់លោកបណ្ឌិត ម៉ី កល្យាណ នឹងក្លាយជាមគ្គុទ្ទេសក៍ដ៏មានតម្លៃសម្រាប់សិស្សនិស្សិត ដែលចាប់អារម្មណ៍ក្នុងការសិក្សានៅបរទេសនាពេលអនាគត។
<<ខ្ញុំសង្ឃឹមថា ពាក្យពេចន៍ដែលជាដំបូន្មានរបស់ឯកឧត្តម នឹងជួយបំផុសគំនិតដល់លោកអ្នក ហើយជាលទ្ធផលលោកអ្នកនឹងមានភាពក្លាហានក្នុង ការបោះជំហានដំបូងឆ្ពោះទៅរកការប្រឈម និងឱកាសនៃការសិក្សារៀនសូត្រថ្មីៗ>>។ នេះជាការលើកឡើងបន្ថែមរបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី។
សម្រាប់លោកបណ្ឌិត ម៉ី កល្យាណ ដែលជាអតីតនិស្សិតអាអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន កាលពី៥០ឆ្នាំមុន បានចែករំលែកពីការសិក្សានៅប្រទេសជប៉ុន ដែលអាហារូបករណ៍កាលនោះ គឺពិតជាមានសារៈសំខាន់ សម្រាប់រូបលោកផ្ទាល់ក្នុងការកែប្រែផ្នត់គំនិត។
លោកបណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ថា ការទៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៧៤ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរជីវិតរបស់លោក៖ <<ប្រសិនបើខ្ញុំមិនបានទៅប្រទេសជប៉ុននៅពេលនោះ ប្រហែលជាឆ្អឹងរបស់ខ្ញុំ នឹងស្ថិតនៅក្នុងសារមន្ទីរទួលស្លែង ដូចមនុស្សជាច្រើនក្នុងជំនាន់របស់ខ្ញុំបានជួបប្រទះ>>។
បន្ថែមពីនេះ លោកបណ្ឌិតបានបង្ហាញនូវមោទនភាព បន្ទាប់ពីបានសិក្សា និងបានធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយរបស់ជប៉ុន នៅទីក្រុង Tokyo។ លោកទទួលបានបទពិសោធន៍ក្នុងវិស័យជាច្រើន វិស័យឯកជន អង្គការសហប្រជាជាតិ រដ្ឋាភិបាល និងធ្វើសកម្មភាពជាក់ស្តែងផ្សេងៗ ហើយបច្ចេកវិទ្យា លោកប្រើប្រាស់បទពិសោធន៍ទាំងនេះ សម្រាប់ភាពប្រសើរឡើងនៃប្រទេសកម្ពុជា និងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជប៉ុន អាស៊ី និងពិភពលោក៕