(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា អត្រាកំណើននៃការទិញផ្ទះមានការកើនឡើង ហើយកំណើននៃការទិញផ្ទះនៅពេលនេះ គឺជាកំណើនដែលមានភាពធន់ ហើយច្បាស់លាស់។
ការថ្លែងបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី <<យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ>>។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា <<ឯកឧត្តម សាយ សំអាល់ បានដាក់សារមកខ្ញុំថា ឥលូវនេះកំណើននៃការលក់ផ្ទះ អចលនទ្រព្យកើនឡើងវិញហើយ ប៉ុន្តែមិនកើតដូចមុនកូវីដនោះទេ, ខ្ញុំថា ត្រូវហើយបើកើនដូចមុន កើនក្នុងជំនាន់ដែលភាគច្រើន ម្នាក់ៗទិញផ្ទះច្រើន តែកំណើនពេលនេះគឺកំណើនពិតប្រាកដ>>។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កំណើនដែលបានកើនខ្ពស់តែមិនមានមូលដ្ឋាន អាចល្អក្នុងមួយរយៈ តែមិនមានភាពធន់នោះទេ តែកំណើននាពេលនេះ ទោះបីមិនច្រើន តែមានមូលដ្ឋានច្បាស់លាស់ជាកំណើនពិត ដែលនេះជាវដ្តនៃសេដ្ឋកិច្ច។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការថែរក្សា និងការគិតគូរពីរចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ចាំបាច់ត្រូវតែរៀបចំ និងកែសម្រួលនូវរចនាសម្ព័ន្ធ, ដើម្បីធានានូវរយៈពេលវែងនៃចេរភាពនៃកំណើន សម្តេចក៏បានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាឱ្យបានផុសផុលផងដែរ៕