(ប៊ែរឡាំង)៖ ក្នុងចំណោមអ្នកទស្សនាប្រមាណ១០០,០០០នាក់ មកពីជាង១៩០ប្រទេសជុំវិញពិភពលោក លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានខិតខំផ្សព្វផ្សាយពីគោលដៅកម្ពុជាផ្តល់ភាពកក់ក្តៅ មានសុវត្ថិភាព ស្អាត និងបៃតង ក្នុងពេលចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ២០២៥ (ITB Berlin 2025) នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ដោយទទួលបានគោលការណ៍ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ២០២៥ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ២០២៥នេះ មានការចូលរួមពីអ្នកលក់ (Seller) ប្រមាណ៥,៦០០នាក់ និងអ្នកទិញ (Buyer) ប្រមាណ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិមាតិកា (Media) ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ១០០,០០០នាក់ ដែលមកពីជាង១៩០ប្រទេសជុំវិញពិភពលោក។
សូមជម្រាបជូនថា ការចូលរួមពិព័រណ៍ខាងលើមានគោលបំណងផ្សព្វផ្សាយយុទ្ធាការ <<កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ - សុវត្ថិភាព ស្អាត និងបៃតង>> ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនកម្ពុជាជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិ៕