អាកាសចរស៊ីវិលកម្ពុជា៖ ការផ្សព្វផ្សាយថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លក់ឥវ៉ាន់តម្លៃត្រឹម ៨,៣៥៩រៀល» គឺជាព័ត៌មានក្លែងក្លាយ, សូមកុំចុចលីងប្រយ័ត្នរងការឆបោក !

Posted By: RoogRog Robot | 04-Mar-2025 10:56:06

2025-03-04 10:52am

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានចេញច្រានចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានថា <<អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ ៨,៣៥៩រៀល>> គឺជាព័ត៌មានក្លែងក្លាយ។

ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា <> បានបង្ហោះថា <<អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានលក់អីវ៉ាន់ដែលបាត់ត្រឹមតែ 8,359៛។ ជារៀងរាល់ឆ្នាំ ឃ្លាំងនៅអាកាសយានដ្ឋានភ្នំពេញ កកកុញនូវវ៉ាលីដែលបាត់ ឬភ្លេចជាច្រើន ដែលអាកាសយានដ្ឋាន អាចបោះចោលបន្ទាប់ពីរក្សាទុកបានប្រាំមួយខែ។ ដើម្បី​ជៀស​វាង​ការ​ចំណាយ​លើ​ការ​ចោល​អីវ៉ាន់ ​ដែល​បាត់​នោះ​បាន​សម្រេច​លក់​វា​ក្នុង​តម្លៃ​ជា​និមិត្ត​រូប​ចំនួន ៨៣៥៩ ៛។ បញ្ជាទិញឥឡូវនេះ>>។

លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង ដោយក្នុងជនខិលខូច ក្នុងបំណងបោកប្រាស់ប្រជាពលរដ្ឋ។ ហើយករណីនេះក៏ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ​។ សូមប្រជាពលរដ្ឋកុំជឿទៅលើការផ្សព្វផ្សាយ របស់ទំព័រហ្វេសប៊ុកនេះ។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការបង្ហោះព័ត៌មានក្លែងក្លាយនេះ ជាប្រភេទ ការឆបោកបន្លំ PHISHING ដែលឱ្យប្រជាពលរដ្ឋ ចុចតំណរភ្ជាប់ (Link) ហើយបំពេញព័ត៌មានមួយចំនួន ដែលអាចឱ្យជនល្មើសទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន។ ដូច្នេះសូបបងប្អូនប្រុងប្រយ័ត្ន កុំចុចបំពេញព័ត៌មានអ្វីផ្ទាល់ខ្លួន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...