(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងរយៈពេល១៩ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្ដដាក់ចេញ និងអនុវត្តវិធី យន្ដការកែទម្រង់បន្ដបន្ទាប់ ដើម្បីឆ្លើយតបបញ្ហានានា។
ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី <<យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ>> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអងថា ពាក់ព័ន្ធកម្មវិធីគោលនយោបាយអាទិភាព៦ និងវិធានការគន្លឹះទាំង៥ រាជរដ្ឋាភិបាលបានបន្ដដាក់ចេញយន្ដការអនុវត្ត តាមដាន និងវាយតម្លៃដើម្បីពិនិត្យលទ្ធផលការងារ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា <<ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង ពាក់ព័ន្ធនឹងកម្មវិធីគោលនយោបាយអាទិភាព៦ និងវិធានការគន្លឹះទាំង៥, រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និងវាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ>>។
ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់, រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឲ្យអនុវត្តនូវ <<កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ - ២០២៨>> ដោយផ្តោតលើសសរស្តម្ភ៣សំខាន់ៗ។ នេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី។
បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សសរស្តម្ភសំខាន់ៗទាំង៣រួមមាន ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុង រយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ, ទី២៖ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ, ស្មុគស្មាញ និងអន្តរវិស័យ និងទី៣៖ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI និងប្រធានបទទាំង៣ ដែលនឹងលើកយកមកពិភាក្សា ការសិក្សាបានលើកឡើងពី <<យុទ្ធសាស្ត្រនៃកំណើនថ្មី>> ដែលការគួបផ្សំគ្នា រវាងគោលនយោបាយកំណើនសេដ្ឋកិច្ចតាមវិស័យអាទិភាព ជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ៕