រុស្ស៉ី ចោទប្រធានអង្គការ UNICEF ថាលើកឡើងតែពីបញ្ហាកុមារអ៊ុយក្រែន ជាងកុមារហ្កាហ្សា

Posted By: RoogRog Robot | 24-Jan-2025 11:28:05

2025-01-24 11:21am

(យូអិន)៖ រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរិះគន់ប្រធានទីភ្នាក់ងារកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ថាមិននិយាយពីកុមារនៅតំបន់ហ្កាហ្សា ពេលធ្វើសេចក្តីសង្ខេបជូនក្រុមប្រឹក្សាសន្តិសុខ អំឡុងកិច្ចប្រជុំកាលពីខែធ្នូ ដែលស្នើឡើងដោយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥។

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia និយាយថា លោកស្រី Catherine Russell ដែលជានាយកប្រតិបត្តិអង្គការ UNICEF បានលើកយកបញ្ហាកុមារអ៊ុយក្រែន មកនិយាយមិនឈប់មិនឈរ ប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខទាំង ១៥រូប។ លោក Nebenzia បញ្ជាក់ថា <<ដូច្នេះវា​​បង្ហាញ​ថា ពេលដែលនិយាយដល់កុមារ ​សម្រាប់​ UNICEF កុមារហ្កាហ្សា ​​មិន​សូវ​សំខាន់​ដូច​កុមារ​អ៊ុយក្រែន​ឡើយ។ ការមិនលើកឡើងពីសោកនាដកម្ម ទាក់ទងនឹងការស្លាប់កុមាររាប់ម៉ឺននាក់នៅតំបន់ហ្កាហ្សា គឺជារឿងជាក់ស្តែង ដែលសមនឹងឱ្យយើងចោទប្រកាន់>>។

អ្នកនាំពាក្យរបស់ UNICEF បាននិយាយថា នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី Russell គឺផ្តោតលើការដោះស្រាយវិបត្តិមនុស្សធម៌ ហើយមិនមានពេលគ្រប់គ្រាន់ ដើម្បីជួបក្រុមប្រឹក្សាសន្តិសុខទេ។ តែលោកស្រី បានចាត់ឱ្យ​នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​ ធ្វើសេចក្តីរាយការណ៍ជំនួស។ លោកស្រី Russell ធ្លាប់រាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខ អំពីស្ថានភាពកុមារហ្កាហ្សា ជាច្រើនដងមកហើយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...