រឿងឃាតកម្មគិតទុកជាមុន កូនដើមលើឪពុកចុងនៅស្រុកភ្នំព្រឹក បន្តទៅតុលាការកំពូល, គ្រួសារជនរងគ្រោះសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ដដែល

Posted By: RoogRog Robot | 24-Jan-2025 15:03:00

2025-01-24 02:59pm

(បាត់ដំបង)៖ ករណីឃាតកម្មគិតទុកជាមុន ដែលឃាតកជាកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីឆ្នាំ២០២៣ បានទៅដល់ដៃតុលាការកំពូលហើយ នាដើមឆ្នាំ២០២៥នេះ បន្ទាប់ពីជនជាប់ចោទ និងម្តាយបានប្តឹងសារទុក្ខ។

ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនរងគ្រោះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដដែល ដល់គ្រួសារខ្លួន ពោលគឺដូចកាលពីនៅសាលាដំបូង និងសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបង ដែលបានសម្រេចផ្តន្ទារទោសដាក់គុក អស់មួយជីវិតលើកូនដើមជាឃាតក។

បើតាមកូនស្រីជនរងគ្រោះ បានឲ្យសារព័ត៌មានដឹង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ថា រឿងក្តីដែលកូនដើមឈ្មោះ វណ្ណាវី វជ្ជន: ហៅដែន សម្លាប់ឪពុកចុងឈ្មោះ ហៃ សុភ័ក្ត្រ ដែលបានចិញ្ចឹមតាំងពីតូច និងបានបញ្ជូនទៅរៀន នៅប្រទេសអូស្ត្រាលី រហូតចេះដឹងមានសញ្ញាបត្រអនុបណ្ឌិត បែរជារមិលគុណ ហើយរៀបចំគម្រោង រួចសម្លាប់ឪពុកខ្លួនដោយចាក់៩កាំបិតពីក្រោយ មិនឲ្យតដៃបាននោះ ជាឃាតកម្មដ៏សាហាវព្រៃផ្សៃ ហើយបើសិនជាជន ជាប់ចោទ មិនត្រូវបានផ្ទន្ទាទោសដាក់គុក១ជីវិតទេ វាពិតជាបង្កការភ័យខ្លាចតាមគម្រាមកំហែងស្មារតី និងជីវិតខ្លួន និងក្រុមគ្រួសារទៀតជាមិនខាន។

ក្រុមគ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណសមត្ថកិច្ចនគរបាល ក៏ដូចជាតុលាការសាលាដំបូង និងសាលាឧទ្ធរណ៍នៅបាត់ដំបង ដែលបានចាប់ ហើយផ្តន្ទាទោសជនជាប់ចោទដាកគុកអស់មួយជីវិត និងឲ្យសំណងជម្ងឺចិត្ត ៦០០លានរៀល។

ទោះបីជាតុលាការទាំង២ថ្នាក់ បានសម្រេចក្តីដូច្នេះក៏ដោយ ក៏រឿងមិនទាន់ចប់ឡើយ ដោយជនជាប់ចោទ និងម្តាយ បានបន្តប្តឹងទៅតុលាការកំពូល។ ពួកគេនៅតែចិញ្ចឹមចិត្តមិនទទូលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផល ស្រាវជ្រាវ ស៊ើបអង្កេត និងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ។

រឿងហេតុនេះ គ្រួសារជនរងគ្រោះ សូមគោរពស្នើសុំលោក កើត រឹទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល មេត្តាទទួលពិនិត្យ និងចាត់ការសំណុំរឿងនេះ ដោយផ្តល់យុត្តិធម៌ដូចមុនដដែល។

កន្លងមកលោកឧបនាយករដ្ឋមន្ត្រី កើត រឹទ្ធិ បានលើកឡើងថា ករណីឃាតកម្មដ៏សាហាវឃោរឃៅក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន ដែលប្រព្រឹត្តដោយឧក្រិដ្ឋជន តុលាការមិនត្រឹមតែកាត់ទោសដាក់ពន្ធនាគារ ជាអតិបរមាប៉ុណ្ណោះទេ ប៉ុន្តែត្រូវសងជម្ងឺចិត្តដល់គ្រួសារនៃជនរងគ្រោះដែលបាត់បង់ជីវិតយ៉ាងច្រើនផងដែរ។

សូមរំលឹកថា រឿងរាវឃាតកម្មកូនដើមសម្លាប់ឪពុកចុងនោះ ប្រព្រឹត្តកាលពីព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបាន រួចបញ្ជានទៅតុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៥៩០ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ជាមួយគ្នានោះ សាលាដំបូងខេត្តនិងសាលាឧទ្ធរណ៍ ក៍បានជំនំជម្រះជាបន្តបន្ទាប់ សម្រេចផ្តន្ទាទោសឈ្មោះ វណ្ណាវី វិជ្ជន: (វច្ឆណ:) ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងសងជម្ងឺចិត្ត ចំនួន៦០០លានរៀល។

បើតាមកាមរ៉ាសុវត្ថិភាពនៅមុនកើតហេតុ បានបង្ហាញអោយឃើញកាន់តែច្បាស់ថា ឃាតកម្មនេះ ពិតជាអំពើគិតទុកជាមុន ដោយជនជាប់ចោទបានធ្វើអំពើព្រហើនកោងកាច ប្រើអាវុធគម្រាមអាយុជីវិតជនរងគ្រោះ។

លុះដល់ថ្ងៃកើតហេតុ ជនជាប់ចោទបានជិះម៉ូតូពីក្រុងបាត់ដំបង ទៅដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹក ដោយទុកម៉ូតូក្រៅរបង រួចបិទគុបភ្លើង ដើម្បីផ្តាច់ចរន្តអគ្គីសនី និងកាមរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅ ចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយ លិចជ្រៅៗជាច្រើនកន្លែង ដើម្បីមិនឲ្យតដៃបាន។

បន្ទាប់ពីធ្វើសកម្មភាពសម្លាប់រួច ភ្លើងអគ្គីសនី និងកាមរ៉ាសុវត្ថិភាពបានដំណើរការឡើងវិញ ក៏បានឃើញរូបភាពពីកន្លែងកើតហេតុ ដែលជនរងគ្រោះស្លាប់មានកៅអីដួលស្លាកស្នាមឈាម។ ឆ្លើយតបនឹងបទចោទប្រកាន់នេះ ជនជាប់ចោទ វណ្ណាវី វជ្ជន: ហៅដែន និងម្តាយ គឺអ្នកស្រី ថោង ណាវី នៅក្នុងសវនាការកន្លងមក បានលើកឡើងបដិសេធនឹងបទប្រព្រឹត្ត ដោយនិយាយថា នោះជាជម្លោះរវាងខ្លួន និងជនរងគ្រោះ ហើយស្នើសុំការបន្ធូរបន្ថយទោសផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...